ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac ចំនួន ១,៥លានដូស នឹងត្រូវដឹកតាមយន្តហោះ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ១០ព្រឹកថ្ងៃទី២៦ ខែមីនា ២០២១ នេះ។ បរិមាណវ៉ាក់សាំងថ្មី នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទិញពីប្រទេសចិន សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
តាមការគ្រោងទុក ក្រសួងសុខាភិបាល នឹងអញ្ជើញក្រុមអ្នកកាសែតទៅយកព័ត៌មានពីការមកដល់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinovac ចំនួន ១,៥លានដូស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផងដែរ។
គួររំឭកថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ-១៩ Sinopharm ចំនួន ៦០ម៉ឺនដូស ក្នុងគម្រោងប្រមាណ ១លានដូសជូនកម្ពុជា។ ក្នុងនោះ ៣០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល និង ៣០ម៉ឺនដូសទៀតសម្រាប់ក្រសួងការពារជាតិ។ ដោយឡែក កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោក ( WHO ) ក៏បានផ្តល់ជំនួយវ៉ាក់សាំង Astra Zeneca ក្នុងជំហានដំបូងចំនួន ៣,២៤ម៉ឺនដូសដល់ក្រសួងសុខាភិបាលកម្ពុជា ផងដែរ៕