ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះ បានប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីរហូតដល់ ៥៥នាក់ ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ដោយឡែកមានអ្នកជំងឺចំនួន ២៣នាក់បានជាសះស្បើយ អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មានអ្នកជំងឺ ២នាក់បានស្លាប់ និងកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួន ៨០៩នាក់។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ទាំង ៥៥នាក់នេះ ក្នុងនោះមានជនជាតិខ្មែរ ៥៤នាក់ និងជនជាតិវៀតណាមម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកំពង់ធំ។
ចំណែកអ្នកជាសះស្បើយទាំង ២៣នាក់វិញ គឺមានម្នាក់ជាស្រីជនជាតិឥណ្ឌូនេស៊ី អាយុ២៩ឆ្នាំ ដែលធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ និង២២នាក់ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រួមមានជនជាតិចិន៧នាក់, ជនជាតិខ្មែរ ១៤នាក់ និងជនជាតិវៀតណាម ម្នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមម៉ោង ៧ ៖ ០០នាទី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១.៨៧២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១.០៥៦នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៨០៩នាក់ និងស្លាប់ចំនួន ៧នាក់ ក្នុងនោះ មាន ២នាក់ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ៕