ភ្នំពេញ ៖ ព្រឹកមិញនេះ លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា មានអ្នកជំងឺពីរនាក់ទៀតជាជនជាតិខ្មែរ និងចិន បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះ។
លោកស្រី បន្តថា អ្នកជំងឺឈ្មោះ ឈាន ប៊ុនធឿន ភេទប្រុស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ជាជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសរសេរព័ត៌មានអភិវឌ្ឈន៍សង្គមខ្មែរ ស្នាក់នៅភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដែលត្រូវបានបញ្ជូនមកពីទីតាំចត្តាឡីស័ក នៃសណ្ឋាគារហ្គ្រេនឌុក កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។
លោកស្រី បន្តថា អ្នកជំងឺបានស្លាប់នៅព្រឹកវេលាម៉ោង ៧ និង៤៥នាទី នៅថ្ងែទី២៥ ខែមីនា ឆ្នាំ២០២១ នេះ ដោយសារជំងឺកូវីដ-១៩ វាយលុកធ្វើឱ្យសួតខ្សោយធ្ងន់ធ្ងរខ្លាំង រលាកសួតសងខាងធ្ងន់ធ្ងរ។ លើសពីនេះទៀតអ្នកជំងឺមានសភាពធាត់កំរិត១ និងមានជំងឺលើសឈាម ផងដែរ។
លោកស្រី បញ្ជាក់ទៀតថា “យើងបានរកឃើញគាត់មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយនៅថ្ងៃទី២០ ខែមីនា ឆ្នា២០២១។ តែមិនអាចជួយសង្គ្រោះបាន។
ដោយឡែកអ្នកជំងឺម្នាក់ទៀតឈ្មោះ Wu Jiannan ភេទប្រុស ជនជាតិចិន អាយុ ៤៣ឆ្នាំ ជាអ្នកនិយមជក់បារី គាត់ជាបុគ្គលិក casino ស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដែលបានបញ្ជូនពីមណ្ឌលសុខភាពចាក់អង្រែ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នា២០២១។
លោកស្រីបានបញ្ជាក់ថា យើងបានរកឃើញគាត់មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។ លោកស្រីបានបន្តថាអ្នកជំងឺបានស្លាប់នៅថ្ងែ២៥ ខែមីនា ឆ្នាំ២០២១ នេះ វេលាម៉ោង ៧ និង៤៥នាទីព្រឹក៕