ខេត្តព្រះសីហនុ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរផែនការខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ គណៈប្រតិភូក្រសួងផែនការ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព មេឃុំ ចៅសង្កាត់ ក្នុងខេត្តព្រះសីហនុ។ ពិធីនេះត្រូវបានប្រព្រឹត្តធ្វើឡើងនៅ សាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៧៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ។
តាមប្រកាសលេខ ០៤៣៦ ផក.ប្រ.ក របស់ក្រសួងផែន ការស្ដីពីការតែងតាំងមន្ត្រីរាជការ សម្រេចតែងតាំងលោក តោ មុនីសាក់ ជាប្រធានមន្ទីរផែនការខេត្តព្រះសីហនុនៃក្រសួងផែនការ ជំនួសលោក ហុង ម៉េងហួរ ដែលបានទទួលភារកិច្ចថ្មី។
បន្ទាប់ពីមានការឡើង ប្ដេជ្ញាចិត្តរបស់លោក លោក តោ មុនីសាក់ ប្រធានមន្ទីរផែនការ ដែលទើបនឹងប្រកាសតែងតាំងថ្មីនៅថ្ងៃនេះរួចមក។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុមានប្រសាសន៍អបអរសារទរប្រធានមន្ទីរផែនការថ្មី ដែលថ្នាក់ ដឹកនាំក្រសួងបានផ្ដល់សេចក្តីទុកចិត្តតែងតាំងជាប្រធានមន្ទីរផែនការខេត្ត ដើម្បីបន្តនិរន្តភាពដឹកនាំមន្ត្រីផែនការខេត្តឱ្យទទួលបានជោគជ័យសម្រេចសមិទ្ធផលថ្មីបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” និងបាវច្ចនាពីរគឺ “កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដល់អនុសាសន៍មួយចំនួនដូចជា ១.ត្រូវប្រើប្រាស់ទិន្នន័យជំរឿន ជាទិន្នន័យមានគុណភាពល្អជឿទុកចិត្តបានឱ្យបានទូលំទូលាយក្នុងការរៀបចំគោលនយោបាយ ការសម្រេចនានាដើម្បីគាំទ្រ និងការអភិវឌ្ឍប្រកបដោយចីរភាព ការវាស់វែងការអនុវត្តសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងកម្មវិធីផ្សេងៗទៀត។ ២.ត្រូវខិតខំយកចិត្តទុកដាក់វិភាគទិន្នន័យជំរឿនឱ្យបានគ្រប់ជ្រុងជ្រោយសម្បូរបែបធានាឆ្លើយតបតាមសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យគ្រប់ប្រភេទព្រមទាំងការសិក្សាស្រាវជ្រាវតម្រូវការ និងញែកទិន្នន័យសម្រាប់រដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់តាមដែលអាចធ្វើបាន។ ៣.ត្រូវខិតខំបន្តប្រមែប្រមូលធនធានពីដៃគូរអភិវឌ្ឍន៍សម្រាប់ធ្វើជំរឿនឱ្យបានក្នុងពេលខាងមុខ មានជំរឿនសេដ្ឋកិច្ច ជំរឿនកសិកម្មដែលសុទ្ធសឹងជាអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍។ ៤.ត្រូវយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលកសាងសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សពីព្រោះការងារស្ថិតិជាការងារលំបាកស្មុគស្មាញពាក់ព័ន្ធ និងគ្រប់វិស័យទាមទារការបណ្ដុះបណ្ដាល និងបទពិសោធន៍អនុវត្តជាក់ស្តែងក្នុងការធ្វើជំរឿនអង្កេតដែលជាការបណ្ដុះបណ្ដាលក្នុងការងារ ។ ការផ្សព្វផ្សាយទិន្នន័យជំរឿនឱ្យបានទូលំទូលាយដល់អ្នកប្រើប្រាស់ទិន្នន័យទាំងឡាយទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិក៏ជាភារកិច្ចសំខាន់ដើម្បីបង្កើនការយល់ដឹងពីសារៈសំខាន់ស្ថិតិក្នុងកម្មវិធីអភិវឌ្ឍន៍ ក៏ដូចជាការចេះប្រើប្រាស់ស្ថិតិឱ្យបានត្រឹមត្រូវ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ធ្វើការផ្តាំផ្ញើប្រធានមន្ទីរផែនការត្រូវបានប្រកាសតែងតាំងនាពេលនេះ ត្រូវបន្តខិតខំបំពេញការងារឱ្យបានល្អប្រសើរមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងក្នុងមន្ទីរ ក៏ដូចជាបណ្ដាអង្គភាពដែលស្ថិតនៅក្រោមឱវាទរបស់រដ្ឋបាលខេត្តព្រះសីហនុ ឱ្យបានទូលំទូលាយ និងទទួលបានជោគជ័យរាល់ភារកិច្ច និងកាតព្វកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនជាពិសេសលើវិស័យផែនការនិងស្ថិតិ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បន្តថា កម្ពុជាទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នូវតំណក់ប្រេងលើកដំបូងស្របពេលខួបលើកទី២២ឆ្នាំ នៃនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ការអភិវឌ្ឍ ភាពរីកចម្រើនរុងរឿង និងឯកភាពជាតិទាំងមូល ៕ ដោយ មនោរាហ៍
មេខ្លោង ៤នាក់ ដឹកនាំ ជនខិលខូច អនាធិបតេយ្យដែលមានគ្នាជិត៣០ ដឹកបង្គោលរបងលួចបោះយកដីពលរដ្ឋ នៅពេលម្ចាស់ដីចេញមកសួរនាំ ពួកនេះព្រួតវាយគេ ប្ដឹងគេទៀត
ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ៣និង ៤៦នាទី មានករណីផ្ទុះហិង្សាមួយប្រាវ ពីរនាក់ប្ដីប្រពន្ធត្រូវបានមេខ្លោង ៤នាក់ ដែលជាជនខិលខូច បានដឹកនាំមនុស្សចំនួនជិត ៣០នាក់ យកបង្គោលរបងមកលួចបោះ នៅលើទីតាំង ដីចំការ និងផ្ទះ របស់ ប្រជាពលរដ្ឋ មួយកន្លែង មានទីតាំងស្ថិតនៅ ក្នុងភូមិ ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
បើតាមការបញ្ជាក់របស់អ្នកភូមិ ដែលកំពុងរស់នៅទីនោះបានឲ្យដឹងថា៖ មេខ្លោងទាំង ៤នាក់នោះ
ទី១-ឈ្មោះ មាន កាន, ទី២-ង៉ាន គង់ , ទី៣-សៀន សារ៉ាន,ទី៤-អេង បញ្ញា ទាំង៤នាក់នេះបានដឹកនាំ បក្សពួករបស់ខ្លួន ដែលមានគ្នា ជិត ៣០នាក់ ដឹកបង្គោល ហ៊ុំព័ទ្ធ របង នៅលើដីរបស់ប្រជាពលរដ្ឋ
ដែលបានកាប់ឆ្ការព្រៃរានដី ធ្វើចំការ ដាំដំណាំ អាស្រ័យផល និង ធ្វើផ្ទះសម្បែង តាំងពីឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ននេះ។
យោងតាមសំដី របស់ជនរងគ្រោះ ឈ្មោះ ខៀវ វណ្ណៈ បានឲ្យដឹងថា៖ មុនពេលកើតហេតុ ផ្ទះរបស់ខ្លួនត្រូវ បានឪពុកក្មេក មកលេង នៅពេលដែលលោកឪពុកក្មេកត្រូវចេញដំណើរត្រឡប់ទៅផ្ទះរបស់គាត់វិញ ចេញមកក្រៅ ឪពុកក្មេករបស់លោក ខៀវវណ្ណៈ បានឃើញ បក្សពួករបស់ ឈ្មោះ មាន កាន, ង៉ាន គង់ , -សៀន សារ៉ាន,ឈ្មោះ-អេង បញ្ញា ដែលមានគ្នា ប្រហែល ជាជិត ៣០នាក់ បានដឹងបង្គោល របង ឈើ ចំនួន ១ គោយន្ត សំរុកមកធ្វើសកម្មភាព លួចដាំ លើដីរបស់ខ្លួន(ខៀវ វណ្ណៈ) នៅពេលដែលឪពុកក្មេករបស់លោកខៀវវណ្ណៈឃើញសកម្មភាពយ៉ាងដូច្នេះ លោកក៏បានស្រែកហៅកូនប្រសារឈ្មោះ ខៀវ វណ្ណៈ នឹង ឲ្យមកមើល ពេលនោះ លោកខៀវ វណ្ណៈ និង ប្រពន្ធ បានមកដល់កន្លែងកើតហេតុ
លោក ខៀវ វណ្ណៈ ក៏បានស្រែកសួរទៅក្រុមជនដែលកំពុងតែដាំបង្គោល របង ទាំងនោះ ។
នៅពេលដែលលោក ខៀវ វណ្ណៈ ស្រែកសួរទៅពួកគេ (អ្នកដាំបង្គោល) ស្រាប់តែ ជនម្នាក់ដោះអាវ ដោយ មិនស្គាល់ឈ្មោះ នោះចេញមុខមកឆ្លើយថាមេជាអ្នកឱ្យមកដាំ ។
លោក ខៀវ វណ្ណៈ បានបន្តសំណួរ ទៀតថា៖ តើមេណាជាអ្នកឱ្យពួកអស់លោកមកដាំបង្គោល របង នៅលើដីរបស់ខ្ញុំ?
ស្រាប់តែ មិនស្គាល់ឈ្មោះ ដដែល បាន លោតមកវ៉ៃលោក ខៀវ វណ្ណៈ និង ប្រពន្ធ របស់ ខ្លួនទាំង កម្រោល ។
ក្រោយពេលបញ្ចប់ការវាយដំគ្នាយ៉ាងខ្លាំងដូច្នេះ លោក ខៀវ វណ្ណៈ បានរាយការណ៍ទៅប្តឹង រដ្ឋបាលស្រុកស្ទឹងហាវ ដើម្បីយកវត្ថុតាង គោយន្ត យកទៅរក្សាទុកនៅ ឯសាលាស្រុកស្ទឹងហាវ។
ក្រោយពីមានពាក្យបណ្ដឹងផ្ទាល់មាត់យ៉ាងដូច្នេះ អភិបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា បានបញ្ជាកម្លាំងសមត្ថកិច្ចអធិការស្រុកចុះមកធ្វើអន្តរាគមន៍ភ្លាមៗរួចបានយក វត្ថុតាងមាន គោយន្ត ១គ្រឿង និង រណា យន្ត ១មួយគ្រឿង រួមនិង បង្កោល របង របស់ជនខិល ខូចទាំងនោះយកទៅរក្សាទុកនៅ បរិវេណសាលា ស្រុកដើម្បីធ្វើការ សម្រប សម្រួល ដោះស្រោបញ្ចប់រឿង។
ទោះជាយ៉ាងនេះក្តី លោក ខៀវ វណ្ណៈ និងប្រពន្ធរបស់ខ្លួន ធ្វើការអំពាវនាវសូមឲ្យអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ជាពិសេសគឺស្ថាប័នតុលាការ មេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ផង ព្រោះ ពួកគាត់ត្រូវបានជនបង្ករ កែនបក្សពួកមកវាយធ្វើបាបគាត់(ខៀវ វណ្ណ:)និងប្រពន្ធ របស់លោក ហើយ ជនបង្ករ ប្ដឹង គាត់និងប្រពន្ធរបស់គាត់ថាជាអ្នកប្រើប្រើហិង្សាទៅលើក្រុមជនទាំងនោះ។
ម្យ៉ាងវិញទៀត ពួកជនបង្ករ យកគោយន្តមួយគ្រឿងដឹក បង្គោល របង ឈើ មកបោះនៅលើដី ដែលជាសកម្មភាពរដ្ឋរបស់ លោក ខៀវ វណ្ណៈ នៅពេលដែលលោកខៀវ វណ្ណៈ រាយការណ៍ទៅ សមត្ថកិច្ចដើម្បីនាំយកវត្ថុតាងគោយន្ដទៅរក្សាទុកនៅឯណាសាលាស្រុកបែរជាក្រុមជនបង្ករ និងបក្សពួកដាក់ពាក្យបណ្ដឹងថាលោកខៀវ វណ្ណៈ ជាអ្នក បង្ខាំងទុក គោយន្តរបស់ពួកគេដោយខុសច្បាប់។
ជុំវិញរឿងនេះដែរ អភិបាលស្រុកស្ទឹងហាវ លោកឆាយ សុគន្ធដា បានមានប្រសាសន៍ឲ្យដឹងថា ៖ បញ្ហាដីទំនាស់ ដែលនៅកន្លែងកើតហេតុនេះ កន្លងមកមានប្រជាពលរដ្ឋចំនួន ២២ គ្រួសារ បានមកកាប់ឆ្ការទន្ទ្រានព្រៃយកដីធ្វើចំការច្បារដំណាំដាំអាស្រ័យផលនិងសង់ផ្ទះសម្បែង នៅទីនេះយូរណាស់មកហើយ។ហើយប្រជាពលរដ្ឋទាំងនេះធ្លាប់បានរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ ដាក់ពាក្យបណ្ដឹងទៅតុលាការ ពីបទកាប់រានទន្ទ្រានព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិផងដែរ។
ប៉ុន្តែក្រោយមក នៅថ្ងៃទី៤ ខែ កក្កដា ឆ្នាំ២០១៦ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ កាត់ក្តី ឲ្យប្រជាពលរដ្ឋទាំង២២គ្រួសារនេះ ឈ្នះ ហើយ រដ្ឋបាលខេត្តធ្លាប់បានបង្កើតគណៈកម្មការ ខេត្តចុះទៅវាស់វែង កាត់ឆ្វៀលដីដែលពលរដ្ឋរស់នៅសព្វថ្ងៃនេះជូនពលរដ្ឋរស់នៅដោយស្របច្បាប់។
លោក ឆាយ សុគន្ធដា បានបន្តថា៖ ក្រោយមកស្រាប់តែមានឈ្មោះ ប៉ែន រ៉ានី និង ឈ្មោះ អុីវ សុខខេង បានកាន់ឯកសារដើរ មកចង្អុល ហើយអះអាងថា៖ ខ្លួននិងបក្សពួកមានដីទំហំ ២០ ហិកតា នៅទីនេះ ។ ឮយ៉ាងដូច្នេះរដ្ឋបាលស្រុកស្ទឹងហាវបានបង្កើតគណៈកម្មការចុះមកធ្វើការវាស់វែងដើម្បីរកទីតាំងដី ដែលបុគ្គលរូបនេះថាមានដី នៅទីនេះដែរតែដល់ ក្រុមការងារចុះវាស់វែង ទៅគឺមានដីទំហំតែ១១ហិកតា ប៉ុណ្ណោះទេ ហើយទំហំដីនេះគឺមិនពាក់ព័ន្ធជា មួយ នឹងដីដែលមានទំនាស់នោះដែរ។
ចំណែកឯជនបង្ករកែនបក្ខពួកមកបោះរបងនៅលើដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋស្របច្បាប់នៅទីនោះ ក៏មិនត្រូវដែរ ។
លោកឆាយសុគន្ធដាបន្តទៀតថា៖ ក្នុងពេលថ្មីៗនេះ សមាជិកក្រុមការងារមកពីរដ្ឋសភា បានលើកយកបញ្ហានេះយកមកសម្របសម្រួលនិងដោះស្រាយឲ្យដែរ ។ ប៉ុន្តែលទ្ធផលមិនទាន់បានចេញជាផ្លែផ្កានោះទេ លុះដល់ចុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ ទើបក្រុមការងាររដ្ឋបាលស្រុកបង្កើតគណៈកម្មការចុះទៅពិនិត្យមើលដីដែលមានទំនាស់នេះសារជាថ្មីម្ដងទៀត។
យ៉ាងដូច្នេះ វាមិនត្រឹមត្រូវទេ ម្យ៉ាងវិញទៀត ពួកជនខិលខូចទាំងនេះ លួចបោះរបងនៅលើដីគេហើយថែមទាំងវ៉ៃគេទៀត មិនត្រឹមតែវ៉ៃគេប៉ុណ្ណោះទេថែមទាំងដាក់ពាក្យបណ្ដឹង ប្ដឹង ជនរងគ្រោះ ទៅសាលាដំបូងខេត្តព្រះសីហនុ ពីបទប្រើហិង្សា និង បង្ខាំង គោយន្ត មួយគ្រឿងដែលជាវត្ថុតាងទៀតផង។
នៅក្នុងរឿងនេះដែរមាន ប្រភពព័ត៌មានដែលបានផ្ដល់ឱ្យដោយ បុរសម្នាក់ ក្នុងចំណោមបក្សពួកជិត ៣០ នាក់ដោយ ស្នើ សុំមិនបញ្ចេញឈ្មោះនិងអត្តសញ្ញាណបានឲ្យដឹងថា៖ ព្រឹត្តិការណ៍ ដែលបានកើតឡើងនេះ ត្រូវបានអ្នកមានលុយនិងមានអំណាចម្នាក់ ម្នាក់ ជាអ្នកនៅពីក្រោយ ហើយជាអ្នកបញ្ជាឲ្យបង្កើតនូវព្រឹត្តិការណ៍ទាំងនេះឡើង បើមានរឿងអ្វី ខ្លួនជាអ្នក រត់ការធ្វើអន្តរាគមន៍ មិនឱ្យជនបង្ករទាំង ៤ នាក់នោះមានរឿងហេតុអ្វីកើតឡើងឡើយ ព្រោះខ្លួនជាអ្នកមានទ្រព្យធនសន្ធឹកសន្ធាប់ហើយមានបុណ្យស័ក្តិ មាន ឋានៈខ្ពង់ខ្ពស់ទៀតផង។
តែទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋរស់នៅស្រុកស្ទឹងហាវជាច្រើនរយនាក់ កំពុងតែតាមដានមើលចំណាត់ការរបស់តុលាការ ទៅលើជនខិលខូចដែលបង្ករឲ្យមានចលាចលដើរលួចបោះបង្គោលលើដី របស់ពលរដ្ឋដែលស្លូតត្រង់ ហើយ បានវាយមកលើពលរដ្ឋដែលជាម្ចាស់ដីទាំងនោះទៀត ដោយចោទថាជាអ្នកប្រើអំពើហិង្សា ទៅវិញ ៕ ដោយ ៖ មនោរាហ៍