ខេត្តព្រះសីហនុ ៖ កាលពីរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ៣និង ៤៦នាទី មានករណីផ្ទុះហិង្សាមួយប្រាវ ពីរនាក់ប្ដីប្រពន្ធត្រូវបានមេខ្លោង ៤នាក់ ដែលជាជនខិលខូច បានដឹកនាំមនុស្សចំនួនជិត ៣០នាក់ យកបង្គោលរបងមកលួចបោះ នៅលើទីតាំង ដីចំការ និងផ្ទះ របស់ប្រជាពលរដ្ឋ មួយកន្លែងមានទីតាំងស្ថិតនៅ ក្នុងភូមិ ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
បើតាមការបញ្ជាក់របស់អ្នកភូមិ ដែលកំពុងរស់នៅទីនោះ បានឲ្យដឹងថា៖ មេខ្លោងទាំង ៤នាក់នោះរួមមាន ៖
ទី១-ឈ្មោះ មាន កាន, ទី២-ង៉ាន គង់ , ទី៣-សៀន សារ៉ាន,ទី៤-អេង បញ្ញា ទាំង៤នាក់នេះបានដឹកនាំ បក្សពួករបស់ខ្លួន ដែលមានគ្នា ជិត ៣០នាក់ ដឹកបង្គោល ហ៊ុព័ទ្ធ របង នៅលើដីរបស់ប្រជាពលរដ្ឋ ដែលបានកាប់ឆ្ការព្រៃរានដីធ្វើចំការដាំដំណាំ អាស្រ័យផល និងធ្វើផ្ទះសម្បែងតាំងពីឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ននេះ។
យោងតាមសំដី របស់ជនរងគ្រោះ ឈ្មោះ ខៀវ វណ្ណៈ បានឲ្យដឹងថា៖ មុនពេលកើតហេតុ ផ្ទះរបស់ខ្លួនត្រូវ បានឪពុកក្មេក មកលេង នៅពេលដែលលោកឪពុកក្មេកត្រូវចេញដំណើរត្រឡប់ទៅផ្ទះរបស់គាត់វិញ ចេញមកក្រៅ ឪពុកក្មេករបស់លោក ខៀវ វណ្ណៈ បានឃើញបក្សពួករបស់ឈ្មោះ មាន កាន, ង៉ាន គង់ , -សៀន សារ៉ាន,ឈ្មោះ-អេង បញ្ញា ដែលមានគ្នាប្រហែល ជាជិត ៣០នាក់ បានដឹកបង្គោលរបងឈើចំនួន ១គោយន្ត សំរុកមកធ្វើសកម្មភាពលួចដាំលើដីរបស់ខ្លួន (ខៀវ វណ្ណៈ)។ នៅពេលដែលឪពុកក្មេករបស់លោក ខៀវ វណ្ណៈ ឃើញសកម្មភាពយ៉ាងដូច្នេះ លោកក៏បានស្រែកហៅកូនប្រសារឈ្មោះ ខៀវ វណ្ណៈ ឲ្យមកមើល ពេលនោះលោកខៀវ វណ្ណៈ និងភរិយា បានមកដល់កន្លែងកើតហេតុ ក៏បានស្រែកសួរទៅក្រុមជនដែលកំពុងតែដាំបង្គោល របង ទាំងនោះ ។
នៅពេលដែលលោក ខៀវ វណ្ណៈ ស្រែកសួរទៅពួកគេ (អ្នកដាំបង្គោល) ស្រាប់តែ ជនម្នាក់ដោះអាវ ដោយ មិនស្គាល់ឈ្មោះ នោះចេញមុខមកឆ្លើយថាមេជាអ្នកឱ្យមកដាំ ។
លោក ខៀវ វណ្ណៈ បានបន្តសំណួរ ទៀតថា ៖ តើមេមួយណាជាអ្នកបញ្ជាឱ្យពួកអស់លោកមកដាំបង្គោលរបងនៅលើដីរបស់ខ្ញុំ ? ស្រាប់តែ មិនស្គាល់ឈ្មោះ ដដែល បានលោតមកវ៉ៃលោក ខៀវ វណ្ណៈ និងភរិយាទាំងកម្រោល តែម្តង។ក្រោយពេលបញ្ចប់ការវាយដំគ្នាយ៉ាងខ្លាំងដូច្នេះ លោក ខៀវ វណ្ណៈ បានរាយការណ៍ទៅប្តឹង រដ្ឋបាលស្រុកស្ទឹងហាវ ដើម្បីយកវត្ថុតាង គោយន្ត យកទៅរក្សាទុកនៅ ឯសាលាស្រុកស្ទឹងហាវ។
ក្រោយពីមានពាក្យបណ្ដឹងផ្ទាល់មាត់យ៉ាងដូច្នេះ អភិបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា បានបញ្ជាកម្លាំងសមត្ថកិច្ចអធិការស្រុកចុះមកធ្វើអន្តរាគមន៍ភ្លាមៗ រួចបាននាំយកវត្ថុតាងមានគោយន្ត ១គ្រឿង និង រណាយន្ត ១មួយគ្រឿង រួមនិង បង្កោលរបងរបស់ជនខិលខូចទាំងនោះយកទៅរក្សាទុកនៅ បរិវេណសាលាស្រុក ដើម្បីធ្វើការសម្របសម្រួលដោះស្រាយបញ្ចប់រឿង។
ទោះជាយ៉ាងនេះក្តី លោក ខៀវ វណ្ណៈ និងប្រពន្ធរបស់ខ្លួន ធ្វើការអំពាវនាវសូមឲ្យអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ជាពិសេសគឺស្ថាប័នតុលាការ មេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ផង ព្រោះពួកគាត់ត្រូវបានជនបង្ក កែនបក្សពួកមកវាយធ្វើបាបលោក (ខៀវ វណ្ណ:) និងប្រពន្ធរបស់លោក ហើយជនបង្កប្ដឹងលោក និងប្រពន្ធរបស់លោកថា ជាអ្នកប្រើប្រើហិង្សាទៅវិញ។
ម្យ៉ាងវិញទៀត ពួកជនបង្កយកគោយន្តមួយគ្រឿងដឹក បង្គោលរបងឈើមកបោះនៅលើដី ដែលជាសកម្មភាពរដ្ឋរបស់លោក ខៀវ វណ្ណៈ នៅពេលដែលលោក ខៀវ វណ្ណៈ រាយការណ៍ទៅសមត្ថកិច្ចដើម្បីនាំយកវត្ថុតាងគោយន្ដទៅរក្សាទុកនៅឯណាសាលាស្រុក បែរជាក្រុមជនបង្ក និងបក្សពួកដាក់ពាក្យបណ្ដឹងថា លោក ខៀវ វណ្ណៈ ជាអ្នកបង្ខាំងទុកគោយន្តរបស់ពួកគេទៅវិញ។
ជុំវិញរឿងនេះដែរ អភិបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា បានមានប្រសាសន៍ឲ្យដឹងថា ៖ បញ្ហាដីទំនាស់ ដែលនៅកន្លែងកើតហេតុនេះ កន្លងមកមានប្រជាពលរដ្ឋចំនួន ២២ គ្រួសារ បានមកកាប់ឆ្ការទន្ទ្រានព្រៃយកដីធ្វើចំការច្បារដំណាំ អាស្រ័យផល និងសង់ផ្ទះសម្បែង នៅទីនេះយូរណាស់មកហើយ។ លោកថា ប្រជាពលរដ្ឋទាំងនេះធ្លាប់បានរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ ដាក់ពាក្យបណ្ដឹងទៅតុលាការ ពីបទកាប់រានទន្ទ្រានព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិផងដែរ។ ប៉ុន្តែក្រោយមក នៅថ្ងៃទី៤ ខែ កក្កដា ឆ្នាំ២០១៦ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ កាត់ក្តីឲ្យប្រជាពលរដ្ឋទាំង២២គ្រួសារនេះ ឈ្នះ ហើយរដ្ឋបាលខេត្តធ្លាប់បានបង្កើតគណៈកម្មការ ខេត្តចុះទៅវាស់វែង កាត់ឆ្វៀលដីដែលពលរដ្ឋរស់នៅសព្វថ្ងៃនេះជូនពលរដ្ឋរស់នៅដោយស្របច្បាប់។
លោក ឆាយ សុគន្ធដា បានបន្តថា៖ ក្រោយមកស្រាប់តែមានឈ្មោះ ប៉ែន រ៉ានី និង ឈ្មោះ អ៊ីវ សុខខេង បានកាន់ឯកសារដើរមកចង្អុល ហើយអះអាងថា៖ ខ្លួន និងបក្សពួកមានដីទំហំ ២០ហិកតា នៅទីនេះ ។ ឮយ៉ាងដូច្នេះរដ្ឋបាលស្រុកស្ទឹងហាវបានបង្កើតគណៈកម្មការចុះមកធ្វើការវាស់វែង ដើម្បីរកទីតាំងដី ដែលបុគ្គលរូបនេះថា មានដីនៅទីនេះដែរ តែដល់ ក្រុមការងារចុះវាស់វែង ទៅគឺមានដីទំហំតែ១១ហិកតា ប៉ុណ្ណោះទេ ហើយទំហំដីនេះគឺមិនពាក់ព័ន្ធជា មួយ នឹងដីដែលមានទំនាស់នោះដែរ។ ចំណែកឯជនបង្កកែនបក្ខពួកមកបោះរបងនៅលើដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋស្របច្បាប់នៅទីនោះ ក៏មិនត្រូវដែរ ។
លោក ឆាយ សុគន្ធដា បន្តទៀតថា ៖ ក្នុងពេលថ្មីៗនេះ សមាជិកក្រុមការងារមកពីរដ្ឋសភា បានលើកយកបញ្ហានេះយកមកសម្របសម្រួល និងដោះស្រាយឲ្យដែរ ។ ប៉ុន្តែលទ្ធផលមិនទាន់បានចេញជាផ្លែផ្កានោះទេ លុះដល់ចុងខែកុម្ភៈ ឆ្នាំ ២០២១ នេះ ទើបក្រុមការងាររដ្ឋបាលស្រុកបង្កើតគណៈកម្មការចុះទៅពិនិត្យមើលដីដែលមានទំនាស់នេះសាជាថ្មីម្ដងទៀត។
យ៉ាងដូច្នេះ វាមិនត្រឹមត្រូវទេ ម្យ៉ាងវិញទៀត ពួកជនខិលខូចទាំងនេះ លួចបោះរបងនៅលើដីគេហើយថែមទាំងវ៉ៃម្ចាស់ដី និងថែមទាំងដាក់ពាក្យបណ្ដឹងប្ដឹងជនរងគ្រោះជាម្ចាស់ដី ទៅសាលាដំបូងខេត្តព្រះសីហនុ ទៀផង។
នៅក្នុងរឿងនេះដែរមាន ប្រភពព័ត៌មានដែលបានផ្ដល់ឱ្យដោយបុរសម្នាក់ ក្នុងចំណោមបក្សពួកជិត ៣០ នាក់ដោយ ស្នើ សុំមិនបញ្ចេញឈ្មោះ និងអត្តសញ្ញាណបានឲ្យដឹងថា៖ ព្រឹត្តិការណ៍ ដែលបានកើតឡើងនេះ ត្រូវបានអ្នកមានលុយនិងមានអំណាចម្នាក់ ជាអ្នកនៅពីក្រោយ ហើយជាអ្នកបញ្ជាឲ្យបង្កើតនូវព្រឹត្តិការណ៍ទាំងនេះឡើង បើមានរឿងអ្វី ខ្លួនគេជាអ្នករត់ការធ្វើអន្តរាគមន៍ មិនឱ្យជនបង្កទាំង ៤នាក់នោះមានរឿងហេតុអ្វីកើតឡើងឡើយ ព្រោះខ្លួនជាអ្នកមានទ្រព្យធនសន្ធឹកសន្ធាប់ហើយមានបុណ្យស័ក្តិ មានឋានៈខ្ពង់ខ្ពស់ទៀតផង។
មនុស្ស ៤នាក់ខាងភាគីដែលរងការចោទប្រកាន់ថា បានបោះបង្គោលរំលោភយកដីមានកម្មសិទ្ធិ និងប្រើហិង្សាលើម្ចាស់ដី មិនអាចទាក់ទងសុំការបកស្រាយពាក់ព័ន្ធនឹងបញ្ហាខាងលើនេះបានទេ កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។
ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋរស់នៅស្រុកស្ទឹងហាវ ជាច្រើនរយនាក់ដែលបានដឹងរឿងរ៉ាវនេះ បានបង្ហាញពីការអាណិតអាសូរដល់លោក ខៀវ វណ្ណៈ និងភរិយាជាម្ចាស់ដី និងតាមដានមើលពីនីតិវិធីរបស់តុលាការ ទៅលើក្រុមជនខិលខូចអនាធិបតេយ្យ ដែលបង្កឲ្យមានចលាចលដើរលួចបោះបង្គោលរំលោភលើដីស្របច្បាប់របស់ពលរដ្ឋស្លូតត្រង់ ងាតើ នឹងមានចំណាត់ការដូចម្តេច ? ៕