សហរដ្ឋអាមេរិក សន្យាបន្តផ្តល់ជំនួយលើវិស័យសុខាភិបាលដល់កម្ពុជា តាមរយៈអង្គការ USAID

ខេត្តត្បូងឃ្មុំ ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រកាសជំហរនឹងបន្តផ្តល់ជំនួយលើវិស័យសុខាភិបាលដល់កម្ពុជា ក្នុងគោលបំណងចូលរួមលើកកម្ពស់ សុខភាពប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរឡើង តាមរយៈគម្រោង USAID ពិសេសក្នុងអាណត្តិប្រធានាធិបតី Joe Biden។

លោក Patrick Murphy បានលើកឡើងដូច្នេះ នៅក្នុងដំណើរបេសកកម្មរបស់លោកទៅខេត្តត្បូងឃ្មុំ ដើម្បីជាមួយជួបដៃគូពាក់ព័ន្ធមួយចំនួន ដោយក្នុងនោះ លោកបានចាប់អារម្ភទៅលើវិស័យសុខាភិបាល ដែលជាគោលដៅសំខាន់មួយត្រូវកែលម្អ ព្រោះជាទីកន្លែងដែលត្រូវការទាំងធនធានមនុស្ស ហិរញ្ញវត្ថុ និងការ ព្យាបាលអ្នកជំងឺ។

លោក Patrick Murphy បានគូសបញ្ជាក់ថា តាមរយៈការធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំ នាពេលនេះ គឺដើម្បីជួយកែលម្អលើកកម្ពស់សុខភាពប្រជាជនកម្ពុជា ខណៈឆ្នាំកន្លង ទៅសហរដ្ឋអាមេរិកបានជួយថវិកាចំនួន ១១លានដុល្លារ ជាការឆ្លើតតបចំពោះជំងឺកូវីដ-១៩ ដើម្បីថែទាំអ្នកឆ្លងជំងឺនេះ។

ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ជូនលោក Patrick Murphy ថា សម្រាប់មន្ទីរសុខាភិបាលគឺស្វាគមន៍ជានិច្ចក្នុងការជួយឧបត្ថមរបស់សហរដ្ឋអាមេរិក តាមរយៈ USAID ដោយកន្លងមក បានជួយកែលម្អគម្រោងគុណភាពសេវាតាមមន្ទីរពេទ្យ មណ្ឌលសុខភាពនៅក្នុងខេត្តត្បូងឃ្មុំ និងគម្រោងបណ្តុះបណ្តាលដល់គ្រូពេទ្យ មន្រ្តីសុខាភិបាល រួមទាំងបង្កើនការស្រាវជ្រាវរកអ្នកជំងឺរបេងថ្មីផងដែរ៕