ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងធ្វើសន្និសីទព័ត៌មានជុំវិញការកែសម្រួល អនុក្រឹត្យស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាសកលនៃជំងឺឆ្លអ នៅតាមច្រកចេញចូល នៅវេលាម៉ោង ៨ ៖ ៣០ នាទី ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ។
គម្រោងធ្វើសន្និសីទនេះ ធ្វឡើងនៅបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ចេញផ្សព្វផ្សាយពីការកែសម្រួលអនុក្រឹត្យមួយ ដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់ការធ្វើចត្តាឡីស័ក។ ជាពិសេសចាត់វិធានការចំពោះអ្នកដែលមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក ដោយបង្កើនកម្រិតការផាកពិន័យធ្ងន់ធ្ងរជាងមុនសម្រាប់ជនគេចវេះ និងជនឃុបឃិតក្នុងការគេចវេះពីការធ្វើចត្តាឡីស័ក។
សូមបញ្ជាក់ថា ការកែសម្រួលបង្កើនកម្រិតប្រាក់ពិន័យធ្ងន់ធ្ងរចំពោះអ្នកមិនចូលរួមធ្វើចត្តាឡីស័កនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បានរកឃើញថា មានពលករមួយចំនួនដែលត្រឡប់មកពីប្រទេសថៃ បានគេចវេះមិនធ្វើចត្តាឡីស័កនៅព្រំដែន ដែលករណីនេះ បាននាំទៅដល់ការដកតំណែងអធិការស្រុកកំរៀង ខេត្តបាត់ដំបង៕