ឥណ្ឌា ៖ សាកសពមនុស្សចំនួន ១០នាក់ត្រូវបានរកឃើញក្នុងតំបន់ដែលប៉ះពាល់ដោយហេតុការណ៍ផ្ទុះផ្ទាំងទឹកកកក្នុងរដ្ឋឧត្តរខាន់ ដែលសម្បូរទៅដោយកូនភ្នំក្នុងប្រទេសឥណ្ឌាភាគខាងជើងកាលពីព្រឹកថ្ងៃអាទិត្យ ម្សលមិញ។
បុគ្គលិកសន្តិសុខ និងមន្រ្តីប៉ូលីសក្នុងស្រុកបានាយការណ៍ថា គ្រោះមហន្តរាយនេះ ត្រូវបានគេរាយការណ៍ថា បានវាយប្រហារនៅប្រហែលជាម៉ោង ១០ ៖ ០០ព្រឹក (ម៉ោងស្តង់ដារឥណ្ឌា) កាលពីថ្ងៃអាទិត្យ និងបានប៉ះពាល់យ៉ាងខ្លាំងដល់គម្រោងថាមពលអគ្គិសនីចំនួន ២ បណ្តាលឱ្យកម្មករប្រមាណ ១៥០នាក់កំពុងធ្វើការងារនៅទីនោះ បានរងគ្រោះ និងបាត់ខ្លួន ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីបុគ្គលិកសន្តិសុខម្នាក់ដែលបានប្រាប់ថា កម្មករប្រមាណ ២០នាក់នៅតែជាប់នៅក្នុងរូងក្រោមដីមួយនៅឡើយ ហើយកិច្ចខិតខំប្រឹងប្រែងត្រូវបានគេធ្វើឡើងដើម្បីជួយសង្រ្គោះពួកគេ។
ភាគច្រើននៃមនុស្សដែលបាត់ខ្លួនត្រូវបានគេនិយាយថាជាពលករដែលធ្វើការនៅឯគម្រោងថាមពល Rishiganga នៅក្នុងរដ្ឋនេះ។
នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី កំពុងត្រួតពិនិត្យមើលស្ថានការណ៍នេះដោយផ្ទាល់ខ្លួន។
ការិយាល័យនាយករដ្ឋមន្រ្តីបាននិយាយនៅលើបណ្តាញសង្គម Twitter ថា លោក ម៉ូឌី បច្ចុប្បន្នកំពុងធ្វើទស្សនកិច្ចនៅរដ្ឋ Assam នៅភាគឥសាន។ លោកបានស្ទង់មើលការងារជួយសង្រ្គោះ និងជំនួយសង្រ្គោះដែលកំពុងប្រព្រឹត្តទៅ។ ក្រុមអាជ្ញាធរកំពុងធ្វើការដើម្បីផ្តល់ការគាំទ្រដែលអាចមានទាំងអស់ដល់មនុស្សដែលបានរងការប៉ះពាល់៕