ក្នុងខែមករាដើមឆ្នាំនេះ ការនាំចេញអង្ករកម្ពុជាបានជាង៣ម៉ឺន៤ពាន់តោនធ្លាក់ចុះជាង៣២%

ភ្នំពេញ ៖  ក្នុងខែមករាដើមឆ្នាំ២០២១ នេះ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទិសដៅចំនួន ២៨ប្រទេស សម្រេចបានជារួម ៣ម៉ឺន៤ពាន់២៧៣តោន គិតជាទំហំទឹកប្រាក់ចំនួន ៣០.៧៦លានដុល្លារសហរដ្ឋអាមេរិច ដែលមានការថយចុះជារួម ៣២.០៧% ដែលជាពិសេសគឺទីផ្សាររបស់ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុប បានធ្លាក់ចុះជិត៦០% ខណៈដែលទីផ្សារប្រទេសចិន នៅតែបន្តមានភាពវិជ្ជមាន ពោលគឺកើតឡើងជិត៨% បើប្រៀបធៀបនឹងខែមករា ឆ្នាំមុន។

ការធ្លាក់ចុះនៃការនាំចេញអង្ករ ក្នុងខែមករានេះ ជាពិសេសទៅកាន់ប្រទេសសមាជិកសភាពអឺរ៉ុប ដែលមានការធ្លាក់ចុះដល់ទៅជិត៦០% គឺ បណ្តាលមកពីមូលហេតុចម្បងគឺបញ្ហាការដឹកជញ្ជូនតាមកប៉ាល់ ដោយកង្វះទូកុងតឺន័រសំរាប់អង្ករដែលជាទំនិញធ្ងន់ មិនមានកន្លែងផ្ទុកគ្រប់គ្រាន់ (Shipping Space) របស់កប៉ាល់ដឹកជញ្ជូនពីកំពង់ផែក្រុងព្រះសីហនុ(Pre-courier) ទៅប្តូរនៅកប៉ាល់មេទៅអ៊ឺរ៉ុប (Mother Vessel) និងតម្លៃទៀតសោតបានឡើងខ្ពស់ ដល់ទៅ៥ ដង នៃតម្លៃឆ្នាំមុន។

ចំពោះទីផ្សារប្រទេសចិន បានកាន់កាប់ចំណែក ៤៧.១៥% នៃការនាំចេញសរុប ដែលគិតជាបរិមាណគឺមានចំនួន ១៦១៦៣ តោន និងមានការកើនឡើង៧.៧% បើធៀបនឹងខែមករា ឆ្នាំ២០២០។ចំពោះប្រភេទអង្ករនាំចេញក្នុងខែមករា ឆ្នាំ២០២១នេះ ឃើញថា ៨៧.៦៣% គឺជាចំណែករបស់អង្ករក្រអូប ដែលរួមមានទាំងក្រអូបប្រណីត សែនក្រអូប អង្ករសរីរាង្គផ្កាម្លិះជាដើម។

អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣០ ០៣២តោន ស្មើនឹង ៨៧,៦៣% និងអង្ករ ស គ្រប់ប្រភេទមានចំនួន ៣ ៦៩៥តោន ស្មើនឹង ១០,៧៨% និងអង្ករចំហុយមានចំនួន ៥៤៦តោន ស្មើនឹង ១,៥៩%។ ក្នុងចំណោមរង្ករក្រអូបទាំងនោះ អង្ករផ្ការំដួល ផ្កាម្លិះមានចំនួន ១៩ ៨០៧តោន ស្មើនឹង ៥៧,៧៩%។

បើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងខែមករា ឆ្នាំ២០២១នេះ អង្ករបាន នាំចេញទៅកាន់ទិសដៅចំនួន ២៨ប្រទេស ក្នុងនោះប្រទេសចិន ឈរលំដាប់ទី១ មានចំនួន ១៦ ១៦៣តោន ប្រទេសបារាំងឈរលំដាប់ទី២ មានចំនួន ៣ ៧២៣តោន ប្រទេសហ្គាបុង ឈរលំដាប់ទី៣ មានចំនួន ៣ ៥៧០តោន ប្រទេសម៉ាឡេស៊ីឈរលំដាប់ទី៤ មានចំនួន ៣ ១៨៤តោន ប្រទេស អូស្ត្រាលីឈរលំដាប់ទី៥ មានចំនួន ៩០៨តោន សាធារណរដ្ឋឆែកឈរលំដាប់ទី៦ មានចំនួន ៨៩៥តោន ប្រទេស អេស្ប៉ាញឈរលំដាប់ទី៧ មានចំនួន ៧៨៦តោន ប្រទេសណេដឺឡឺនឈរលំដាប់ទី៨ មានចំនួន ៧៥២តោន ប្រទេស នូវែលហ្សេឡង់ឈរលំដាប់ទី៩ មានចំនួន ៥៦២តោន និងប្រទេសម៉ាយុតឈរលំដាប់ ទី១០ មានចំនួន ៥០៣តោន។ បរិមាណអង្គរដែលនាំចេញទៅកាន់ប្រទេសជាទិសដៅសហភាពវីរ៉ុប ចំនួន១៤ប្រទេស មានបរិមាណសរុបចំនួន ៧ ៦៣៥ តោន (២២ ,២៨%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ១៦ ១៦៣តោន (៤៧,១៥%) ទិសដៅអាស៊ាន ចំនួន២ប្រទេស មានបរិមាណសរុបចំនួន ៣ ២៥៩តោន (៩,៥១%) និងទិសដៅដទៃទៀតចំនួន១១ប្រទេសមានបរិមាណសរុប ៧ ២១៦តោន (២១,០៦%) (សូមបង្ហាញជូនក្នុងតារាងទី៣នៃឧបសម្ព័ន្ធ) ។

ក្នុងខែមករា ឆ្នាំ២០២១នេះ មានក្រុមហ៊ុននាំចេញអង្ករចំនួន ៣៦ក្រុមហ៊ុន និងបរិមាណរអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗទាំង១០ មានរហូតដល់ ២៥ ៣៨០តោន (៧៤,០៥%) នៅពេលដែលបរិមាណនាំចេញទៅកាន់ទិសដៅរបស់ក្រុមហ៊ុន២៦ ដទៃទៀតបានត្រឹមតែ ៨ ៨៩៣តោន (២៥,៩៥%) (សូមបង្ហាញជូនក្នុងតារាងទី៤នៃឧបសម្ព័ន្ធ)៕