ក្នុងខែមករា CDC បានអនុម័តឱ្យបើកគម្រោងចំនួន ១១ ក្នុងទំហំទឹកប្រាក់ជាង ៤៣ លានដុល្លារ

ភ្នំពេញៈ ៖ នៅក្នុងខែមករា ឆ្នាំ២០២១ គម្រោងវិនិយោគលើវិស័យវាយនភណ្ឌនៅកម្ពុជាចំនួន ១១ ថ្មីទៀត ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តជាផ្លូវការក្នុងទំហំទឹកប្រាក់សរុប ៤៣,៨ លានដុល្លារ និងបង្កើតការងារបាន ៧ ៨៥៤ កន្លែង។

តាមបណ្តាញសង្គមផ្លូវការរបស់ CDC បានឱ្យដឹងថា នៅក្នុងចំណោមគម្រោងទាំង ១១ នោះគឺមាន ៥ ជាគម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ រួមមាន ក្រុមហ៊ុន Xin Yunfeng (Cambodia) Fashion Co., Ltd នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមានទុនវិនិយោគ ២,៤ លានដុល្លារ, គម្រោងក្រុមហ៊ុន Brightness (Cambodia) Garment Factory Co.,Ltd មានទុនវិនិយោគ ៣,១ លានដុល្លារ នៅស្រុកបាទី ខេត្តតាកែវ, គម្រោងរបស់ក្រុមហ៊ុន New Era (Cambodia) Cashmere Textile Co., Ltd នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគ ៥,៧ លានដុល្លារ, គម្រោងក្រុមហ៊ុន Hc Global Textile Co., Ltd នៅស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគ ៧,៨ លានដុល្លារ និងគម្រោងរបស់ក្រុមហ៊ុន Jian Yuan Tong Garment Co., Ltd ស្ថិតនៅសួនឧស្សាហកម្មកាណាឌីយ៉ា រាជធានីភ្នំពេញ មានទុនវិនិយោគ ២,៤ លានដុល្លារ។

ចំពោះគម្រោងចំនួន ៦ផ្សេងទៀតរួមមាន គម្រោងបង្កើតរោងចក្រផលិតបង់ស្អិតគ្រប់ប្រភេទរបស់ក្រុមហ៊ុន Taperite Plastic Co., Ltd នៅខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគ ២,៧ លានដុល្លារ, គម្រោងបង្កើតរោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុន Unicorn Footwear Co., Ltd នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៥,៥ លានដុល្លារ និងគម្រោងបង្កើតរោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុន Laurence Footwear Co., Ltd នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៥,៦ លានដុល្លារ៕