អាជ្ញាធរនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានបង្កើនសន្តិសុខ ជាការត្រៀមសម្រាប់ការតវ៉ាហិង្សាដែលអាចកើតមាន នៅមុនថ្ងៃឡើងកាន់តំណែងរបស់លោក ចូ បៃដិន ជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃពុធខាងមុខនេះ។ ការិយាល័យស៊ើបអង្កេតសហព័ន្ធ ព្រមានពីការតវ៉ាប្រដាប់អាវុធដែលមានសក្តានុពលនៅក្នុងរដ្ឋធានី និងរដ្ឋនានានៅទូទាំងប្រទេស ខណៈថ្ងៃឡើងកាន់តំណែងខិតជិតមកដល់។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីមនុស្សជាច្រើនសម្រុកចូលវិមានកាពីតូល សហរដ្ឋអាមេ រិកកាលពីថ្ងៃទី ៦ ខែមករា ដោយក្រុមបាតុកររួមទាំងអ្នកគាំទ្រប្រធានាធិបតី ដូ ណាល់ត្រាំ។ អាជ្ញាធរបានរឹតបន្តឹងការចូលយានយន្តមកកណ្តាលទីក្រុងវ៉ាស៊ីនតោនឌីស៊ី និងបិទស្ថានីយ៍រថភ្លើងក្រោមដី ។ អាជ្ញាធរបានដំឡើងរបងដែកកម្ពស់ប្រហែល ២ម៉ែត្រ និងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខដើម្បីស្វែងរករបស់របរអាចជាឧបករណ៍បង្កើតអំពើហឹង្សារ។ កងទ័ពឆ្មាំជាតិរហូតដល់ ២៥.០០០ នាក់ត្រូវបានគេរំពឹងថានឹងត្រូវដាក់ពង្រាយនៅទីក្រុង Washington D.C នៅថ្ងៃប្រធានាធិបតីថ្មីឡើហកាន់តំណែង។
បុរសអាយុ ៥៦ ឆ្នាំម្នាក់ ដែលបានធ្វើការនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី អស់រយៈពេលជាងពីរទសវត្សមកហើយនោះ បានសម្តែងការសោកសៅចំពោះការរៀបចំសន្តិសុខបែបនេះ។ លោកបានសម្តែងក្តីសង្ឃឹមថាពិធីឡើងកាន់តំណែអនឹងប្រព្រឹត្តទៅដោយសន្តិភាព៕