រដ្ឋបាល លោកត្រាំ បានប្រកាសថា ខ្លួននឹងដាក់ប្រទេសគុយបា ចូលក្នុងបញ្ជីរដ្ឋ ឧបត្ថម្ភរភេរវកម្មរបស់សហរដ្ឋអាមេរិក ជាសកម្មភាពមួយដែលអាចបង្កភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោកបៃឌិន ដែលនឹងចូលកាន់តំណែងក្នុងរយះពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
រយៈពេលត្រឹមតែ ៩ ថ្ងៃ មុនពេលប្រធានាធិបតីសាធារណរដ្ឋលោកដូណាល់ត្រាំ ចាកចេញពីតំណែង រដ្ឋមន្រ្តីក្រសួងការបរទេស លោក ម៉ៃ ពុំពេអូ បាននិយាយថា ប្រទេសគុយបា ត្រូវបានចុះបញ្ជីសម្រាប់ការផ្តល់ការគាំទ្រម្តងហើយម្តងទៀត ចំពោះអំពើភេរវកម្មអន្តរជាតិ តាមរយៈការទទួលជនល្មើសអាមេរិក និងមេដឹកនាំឧទ្ទាមកូឡុំប៊ី។ លោក ពុំពេអូ ក៏បានលើកឡើងពីការគាំទ្រផ្នែកសន្តិសុខរបស់ប្រទេសគុយបា ចំពោះប្រធានាធិបតីវ៉េណេ ស៊ុយអេឡា លោកនីកូឡាស់ ម៉ាឌូរ៉ូ ដែលលោកបាននិយាយថា បានអនុញ្ញាតឱ្យមេដឹកនាំសង្គមនិយមមួយនេះ រក្សាការក្តោបក្តាប់អំណាចរបស់ខ្លួន និងបង្កើតបរិយាកាសដែលអនុញ្ញាតសម្រាប់ភេរវករអន្តរជាតិឱ្យរស់នៅ និងរីកចម្រើននៅក្នុងប្រទេសវេណេហ្ស៊ូអេឡា។
ការដាក់ប្រទេសគុយបាចូលក្នុងបញ្ជីភេរវកម្មជាថ្មីម្តងទៀត គឺជាដាក់សំពាធសារជាថ្មី ម្តង់ទៀត បន្ទាប់ពីអតីតប្រធានាធិបតីប្រជាធិបតេយ្យ លោកបារ៉ាក់ អូបាម៉ា បានបន្ធូរបន្ថយ ភាពតានតឹង រវាងអតីតសត្រូវសង្គ្រាមត្រជាក់ទាំងពីរ។ ការសម្រេចចិត្តរបស់លោកអូបាម៉ា ក្នុងការដកប្រទេសគុយបា ចេញពីបញ្ជីភេរវកម្មក្នុងឆ្នាំ ២០១៥ គឺជាជំហានដ៏សំខាន់មួយដើម្បីស្តារចំណងការទូតឡើងវិញនៅឆ្នាំនោះ។ មនុស្សដែលស្គាល់បញ្ហានេះបានប្រាប់រ៉យ ទ័រដោយនិយាយក្នុងលក្ខខណ្ឌអនាមិកថា ចំណាត់ការនេះនឹងតម្រូវឱ្យមានការពិភាក្សាផ្លូវច្បាប់វែងឆ្ងាយបន្ថែមទៀត សម្រាប់ប្រធានាធិបតីជាប់ឆ្នោតប្រជាធិបតេយ្យលោកចូ បៃឌិន ដើម្បីផ្លាស់ប្តូរបញ្ជីនេះ។
គួរបញ្ជាក់ថា លោក ត្រាំ បានរឹតត្បិតលើប្រទេសគុយបា ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ២០១៧ ដោយរឹតបន្តឹងលើការធ្វើដំណើរ និងការផ្ទេរប្រាក់របស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសគុយបា និងដាក់ទណ្ឌកម្មលើការដឹកជញ្ជូនប្រេងវ៉េណេស៊ុយអេឡាទៅកាន់កោះនេះ៕