ភ្នំពេញ ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនឹងបិទការនេសាទត្រីកាម៉ុង ឬត្រីប្លាធូក្នុងដែននេសាទសមុទ្រកម្ពុជារយៈពេល ២ ខែកន្លះ ដែលជាពេលត្រីត្រូវពងកូនគិតចាប់ផ្ដើមពីថ្ងៃទី ១៥ ខែមករា រហូតដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីម្សិលមិញ។
បើតាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា នៅក្នុងអំឡុងរដូវពងកូនបន្តពូជ របស់ត្រីកាម៉ុង ឬប្លាធូនេះ រដ្ឋបាលជលផល បានហាមដាច់ខាត ចំពោះសកម្មភាពនេសាទត្រីកាម៉ុង ក្នុងដែននេសាទសមុទ្រដោយប្រជានេសាទ ដើម្បីរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រ។
បើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងឆ្នាំ២០២០ កន្លងទៅនេះ កម្ពុជាផលិតបានផលិតផលជលផលចំនួន ៩៣៦,៣០០ តោន ក្នុងនោះមានផលិតផលទឹកសាប ជាង៤១ម៉ឺនតោន ផលិតផលសមុទ្រ ជាង១២ម៉ឺនតោន និងផលវារីវប្បកម្មជាង ៤០ម៉ឺនតោន៕