ឆ្នាំ២០២០ មាន២៧អង្គភាពសារព័ត៌មានកម្ពុជាបានរងបណ្តឹងចំនួន៣៣ករណី

ភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក)នៅថ្ងៃទី១១ មករានេះបានចេញផ្សាយរបាយការណ៍ស្តីអំពី «បណ្តឹងលើអ្នកកាសែតកម្ពុជា ក្នុងឆ្នាំ២០២០» ដែលក្នុងរបាយការណ៍បានបង្ហាញឲ្យឃើញថា ស.ស.ស.ក បានទទួលបណ្តឹងនិងបានជួយអន្តរាគមន៍ដោះស្រាយ ចំនួន៣៣ករណី ស្មើនឹង ២៧ អង្គភាព នៅលើដែនសមត្ថកិច្ចចំនួន៥។

នៅក្នុងបណ្តឹងទាំង៣៣ករណី កម្មវត្ថុនៃពាក្យប្តឹង គឺផ្តើមចេញពីមូលហេតុនៃការផ្សាយ អំពីបញ្ហាទំនាស់ដីធ្លី និងការបង្ហាញទីតាំងបទល្មើស។ មិនមានការប្តឹងលើការផ្សាយទស្សនៈមតិ ឬការបរិយាយនយោបាយនោះទេ។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កត់សំគាល់ឃើញដែរថា កម្មវត្ថុនៃពាក្យប្តឹងទាំងអស់ គឺសំដៅកសាងបទចោទជា «សំណុំរឿងព្រហ្មទណ្ឌ» ដែលសូម្បីតែក្នុងបណ្តឹងរវាងអ្នកសារព័ត៌មាន នឹងអ្នកសារព័ត៌មាន ក៏កសាងបទចោទជាសំណុំរឿងព្រហ្មទណ្ឌដែរ។ នេះហាក់បង្ហាញគេបានមើលរំលង «ច្បាប់ស្តីពីរបបសារព័ត៌មាន»។ យ៉ាងណាក៏ដោយ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ថា លំហរសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២០ ពុំមានចំណុចព្រួយបារម្ភនោះទេ ខណៈដែលនៅទូទាំងពិភពលោកមានអ្នកសារព័ត៌មានចំនួន៥០នាក់ត្រូវបានសម្លាប់ និង៣៨៧នាក់ទៀតត្រូវបានឃុំខ្លួន។

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ មានប្រសាសន៍ថា៖ « របៀបអន្តរាគមន៍របស់ស.ស.ស.ក ក្នុងករណីនីមួយៗ គឺស.សស.ក អញ្ជើញអ្នកដែលត្រូវគេប្តឹងមកសាកសួរព័ត៌មាន។ បន្ទាប់មកទើបរកការសម្របសម្រួលពីភាគីដើមបណ្តឹងរដ្ឋប្បវេណី និងស្រាវជ្រាវបន្ថែមលើករណីនីមួយៗ។ រួចហើយ ស.ស.ស.ក ធ្វើរបាយការណ៍ជាសារណាដាក់ជូនអយ្យការអមសាលាដំបូងរាជធានី-ខេត្ត តាមដំណើររឿងក្តីនីមួយៗ ដោយបានស្នើសុំឲ្យពិនិត្យនិងចេញដីការតម្កល់រឿងទុកឥតចាត់ការ និងឬ ស្នើសុំឲ្យធ្វើការផ្សះផ្សាតាមផ្លូវច្បាប់ក្រោមស្មារតីនៃ «គោលនយោបាយឈ្នះ-ឈ្នះ»។

លោកប្រធាន ស.ស.ស.ក បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ឲ្យបន្តបំពេញតួនាទីដោយឈរលើគោលការណ៍ វិជ្ជាជីវៈជាចម្បង ហើយរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ សង្គ្រាមចិត្តសាស្ត្រនៃភូមិសាស្ត្រនយោបាយ និងចូលរួមចំណែកផ្សព្វផ្សាយ សក្តានុពល កិត្យានុភាព និងឧត្តមភាពជាតិ៕