ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ ឲ្យដឹងថា ក្រុមការងារចម្រុះរាជធានី -ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដា រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យការប្រកាស បង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២០ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃរាជធានីខេត្តចាប់ពីថ្ងៃទី០១ ខែកុម្ភៈតទៅ។
ក្នុងករណីម្ចាស់យានយន្តខកខាន មិនបានប្រកាសបង់ពន្ធលើមធ្យោបាយ ដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ប្រចាំ ឆ្នាំ២០២០កន្លងទៅ សូមមេត្តារួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាន នៅអគ្គនា យកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅសាខាធនាគារកាណាឌីយ៉ា ក.អ ឬនៅសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅសាខា ធនាគារវឌ្ឍនៈ ឬនៅសាខាធនាគារកម្ពុជាសាធារណៈ ឬនៅសាខាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅសាខាធនាគារ ស្ថាបនា ភីអិលស៊ី។អគ្គនាយកដ្ឋានពន្ធដារ មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុត មាំថា ម្ចាស់យានយន្តទាំងអស់ នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ និងរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីចៀសវាងនូវក្រុមការងារចម្រុះ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឱ្យបង់ប្រាក់ពន្ធ ដែលនាំឱ្យខក ខានពេលវេលា និងកកស្ទះចរាចរណ៍ធ្វើដំណើរដែលអាច កើតមាននូវបាតុភាពអសកម្មដោយប្រការណាមួយជាយថា ហេតុ៕