ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនិយាយថា មេដឹកនាំប្រទេស លោកគីម ជុងអ៊ុន ត្រូវបានគេបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការគណបក្សពលករ ដែលកំពុងកាន់អំណាច។
តំណែងនេះ ដំបូងឡើយត្រូវបានកាន់កាប់ដោយឪពុករបស់គាត់ គឺលោកគីមជុងអ៊ីល។ កាសែតគណបក្ស រ៉ូដុង ស៊ិនម៉ុន បានចេញផ្សាយនៅថ្ងៃច័ន្ទនេះថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅថ្ងៃទី ៦ នៃការប្រជុំបក្សមួយនៅក្នុងទីក្រុងព្យុងយ៉ាង ។
កាសែតបានដកស្រង់សេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំ ដែលបាននិយាយថា ខ្លួនបានគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើមួយ ដើម្បីលើកលោកគីម ជុងអ៊ុន អោយកាន់តំណែងជាអគ្គលេខាធិការ។
សេចក្តីថ្លែងការណ៍ក៏បាននិយាយផងដែរថា លោកគីម ជុងអ៊ុន បានបញ្ចប់ផែនការ កសាងសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងប្រែក្លាយប្រទេសនេះទៅជាប្រទេសមហាអំណាចយោធាពិភពលោក។ គួរបញ្ជាក់ថា នៅក្នុងសមាជគណបក្សមួយកាលពី ៥ ឆ្នាំមុន លោកគីមបានឡើងកាន់តំណែងជាប្រធានគណបក្សដែលទើបបង្កើតថ្មី៕