ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីប្រកាសសុពលភាព នៃអាណត្តិតំណាងរាស្រ្តទាំងពីររូប ជំនួសសមាជិករដ្ឋសភាដែលបានសុំលាលែងទៅកាន់តួនាទីថ្មី។
សមាជិករដ្ឋសភាថ្មី ដែលបានប្រកាសសុពលភាពនៅព្រឹកនេះ មានឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្រ្ត មណ្ឌលខេត្តតាកែវ ជំនួសឯកឧត្តម សុខ សូកាន និងឯកឧត្តម សៅ សារ៉ាត់ ជាតំណាងរាស្រ្តថ្មីមណ្ឌលខេត្តប៉ៃលិន ជំនួសលោកជំទាវ បាន ស្រីមុំ។ ក្នុងសម័យប្រជុំរដ្ឋសភានាពេលនោះ បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងលោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសថា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ បានចាប់ផ្តើមពីថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃអង្គារ ទី៥ ខែមករា ឆ្នាំ២០២១ មានរយៈពេល បីខែ ស្របតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ នៅក្នុងរយៈពេល បីខែមកនេះ សម័យប្រជុំរដ្ឋសភា សម្រេចបានលទ្ធផលដូចជា៖ អនុម័តសេចក្តីព្រាងច្បា់បានចំនួន២២ សម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត ២រូប នីតិកាលទី៦ នៃរដ្ឋសភាគឺ៖ ឯកឧត្តម លី ស៊ុគ្រី ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងឯកឧត្តម សៅ សារ៉ាត់ ជាតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន និងបានបោះឆ្នោតជ្រើសតាំង៖ ឯកឧត្តម ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងលោកជំទាវ នូ សុវណ្ណនី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានប្រកាសជូនអង្គសភា ជ្រាបថា ប្រសិនបើសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ពុំមានរបៀបវារៈសម្រាប់ធ្វើការ ពិភាក្សា និងអនុម័តទៀតទេ សូមប្រកាសបិទសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ តទៅ។
នៅក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២១ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានក្រាបបង្គំរាជានុញ្ញាត ថ្វាយព្រះពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរថ្វាយ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គទំាងទ្វេទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាភ្លឺថ្លា ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តខ្មែរទូទាំងប្រទេស ជាដរាបតទៅ៕