ពលរដ្ឋជិត១០០នាក់ប្រមូលផ្តុំគ្នាតវ៉ារុះរើរបងសង្ក័សីរបស់លោក សៅ សុខ ដែលហ៊ុំព័ទ្ធលោភយកដីធ្វើជាកម្មសិទ្ធឯកជន

ខេត្តព្រះសីហនុ៖ កន្លងមកថ្មីៗនេះភាពរំជើបរំជួលក្នុងរឿងជម្លោះដណ្តើមកាន់កាប់ដី.ធ្លី នៅខេត្តព្រះសីហនុ បានកើតឡើងជាបន្តបន្ទាប់ បើទោះជាវិសយ័អចលនទ្រព្យ ហាក់បីដូចជានៅទ្រឹងមិនទាន់កម្រើកហាងឆេងសារជាថ្មីក៍ដោយ ដូចជាករណី ជម្លោះដី.ធ្លី រហូតឈានដល់មានការបិទផ្លូវនៅស្រុកស្ទឹងហាវ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០កន្លងមកនេះ។

ដោយឡែកនៅព្រឹកថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០២០កន្លងមកនេះក៍មានផ្ទុះរឿងដីធ្លីមួយឈុតធំថ្មីមួយទៀតបានកើតឡើង មានប្រជាពលរដ្ឋប្រមាណជា៨០នាក់បានមកប្រមូលផ្តុំនៅចំណុចខាងត្បូងវត្តអូរត្រេះចាស់ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុ នៅក្នុងហេតុការណ៍ការជួបជុំប្រមូលផ្តុំគ្នាបងប្អូនប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងពីថាពួកគាត់សុទ្ធសឹងជាអ្នកដែលមានលំនៅដ្ឋាននៅលើទីតាំងដីដែលកំពុងតែមានវិវាទជាមួយលោក សៅ សុខ មានចំនួន២៣គ្រួសារដែលកំពុងតាំងលំនៅដ្ឋានក្នុងទំហ៊ុដី៤,៧០ហិកតា ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថាពួកគាត់បានមករស់នៅលើទីតាំងដីតាំងពីអំឡុងឆ្នាំ២០០១ មកម្លេះ បានកាន់កាប់ដីសាសង់ជាលំនៅដ្ឋាន កើតកូន ពូនជាចៅ ដាំដុះអាស្រយ័យផលជាក់ស្តែងជារៀងរហូតមក មិនដែលមានភាគីណាមកជំទាស់រករឿងអ្វីទេ។ស្រាប់តែពេលថ្មីៗនេះលេចមកលោក សៅ សុខនិងបក្សពួកមកអះអាងថាជាដីកម្មសិទ្ធរបស់គេទៅវិញ ហើយកន្លងមកថ្មីៗនេះលោកសៅ សុខនិងបក្សពួកបានយកគ្រឿងចក្រអេស្ការវ៉ាទរ័មកវាយផ្តួលរំលំផ្ទះប្រជាពលរដ្ឋអស់ចំនួន០៦ខ្នងរួចកាយជាគន្លុកធំៗដើម្បីកប់ឈើនិងកំទេចកំទីសង្ក័សីដើម្បីបំបាត់ភស្តុតាង រួចធ្វើរបងសង្ក័សីហ៊ុពទ្ធ័ដីមិនឲ្យប្រជាពលរដ្ឋចេញ.ចូលទៅមើលដីនិងផលដំណាំរបស់ពួកគាត់ឡើយ។ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានទីតាំងដីខាងលើបានដាក់ពាក្យបណ្តឹងចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ចូលទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសុំជួយអន្តរាគមន៍រកយុត្តិធម៏ជូនដល់ពួកគាត់ដែលរងគ្រោះដោយសារលោក សៅ សុខ និងបក្សពួកនៅក្នុងខ្លឹមសារបណ្តឹងបានបញ្ជាក់ឲ្យដឹងទៀតថានៅវេលាង២២និង៣០នាទីយប់ថ្ងៃទី០២ ខែ ធ្នូ ឆ្នាំ២០២០កន្លងមកនេះលោក សៅ សុខ បានបញ្ជារឲ្យបក្ស.ពួក ដែលលោកសៅ សុខជួលមកពីខេត្តឆ្ងាយៗ មកធ្វើសកម្មភាពដោយហឹង្សាប្រើកាំបិត.ពូថៅជំពាមកៅស៊ូ ចូលមកវាយដំប្រជាពលរដ្ឋដល់ក្នុងលំនៅដ្ឋាន បង្ករជារបួសស្នាមឲ្យប្រជាពលរដ្ឋមានការភយ័ខ្លាចជារៀងរាល់ថ្ងៃ ក្រោយធ្វើសកម្មភាពរួចបក្សពួក លោកសៅ សុខបានរត់គេចខ្លួនដែលជាហេតុធ្វើឲ្យសមត្ថកិច្ចមានភាពស្មុគ្រស្មាញនិងបក្សពួកមួយចំនួនទៀតក្នុងត្រូវបានសមត្ថកិច្ចបង្ក្រាបបានជាបន្តបន្ទាប់និងបញ្ជូនខ្លួនទៅសាលាតំបូងផងដែរ។ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថាការមកប្រមូលផ្តុំគ្នាតាមការគ្រោងទុកដើម្បីនាំគ្នារុះរើរបងសង្ក័សីដែលលោកសៅ សុខ និងបក្សពួកបានយកដែកនិងសង្ក័សីមកធ្វើជាហ៊ុពទ្ធ័ហ៊ុពទ្ធ័ដីលំនៅដ្ឋានរបស់ពួកគាត់ចេញវិញដើម្បីបានធ្វើដំណើរចេញចូលមើលថែទាំផលដំណាំរបស់ពួកគាត់ប៉ុន្តែពួកគាត់មិនបានបង្ករឲ្យមានហឹង្សាឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងផងដែរថាកន្លងមក លោកសៅ សុខបានអះអាងថាលោកមានឋានន្តរសក្តិជាឧត្តមសេនីយ៍ទោនៃកងយោធពលខេមរភូមិន្ទនិងជាប្រតិភូរាជរដ្ឋាភិបាលទើបគេហ៊ានធ្វើសកម្មភាពរំលោភបំពានមកលើប្រជាពលរដ្ឋ។

លោក ម៉ាច ចាន់ មេឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលចុះមកដល់កន្លែងទីតាំងដីដែលកំពុងមានវិវាទ បានឲ្យដឹងយ៉ាងខ្លីថា កន្លងមក លោក សៅសុខ បានបង្ហាញឯកសារថាដីដែលប្រជាពលរដ្ឋកំពុងសាសង់លំនៅដ្ឋានស្នាក់នៅគឺជាដីរបស់លោកដែលបានទិញពីឈ្មោះ ពៅ សុវណ្ណ មានឯកសារ(PV ) តែលោកមេឃុំគាត់បានបញ្ជាក់ជាចុងក្រោយថា ទីតាំងដីដែលកំពុងតែមានវិវាទខាងលើនេះគឺជាដីដែលស្ថិតនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើតែប៉ុណ្ណោះ។

ដោយឡែក លោក សៅ សុខ ភ្នាក់ងារអ្នកយកព័ត៏មានយើងមិនអាចស្វែងរកការបកស្រាយចំពោះការចោទប្រកាន់របស់បងប្អូនប្រជាពលរដ្ឋបានទេដោយសារមិនមានលេខទូរសព្ទ័ដើម្បីទំនាក់ទំនង។

គួរបញ្ជាក់ផង ដែរ នៅក្នុងខេត្តព្រះសីហនុ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដីធ្លីនៅខេត្តជាប់មាត់សមុទ្រ មួុយនៅកំពុងឡើងថ្លៃ ខ្ពស់បក់ពពក ហេតុដូច្នេះហើយប្រជាពលរដ្ឋក្រីក្រ មួយចំនួន រស់នៅពុំមានសេចក្តីសុខឡើយ ដោយសារតែ បុគ្គលមានទ្រព្យធន ជនមានអំណាច មួយក្តាប់តូច តែងតែ ឃុបឃឹតគ្នា ជាលក្ខណៈ ប្រព័ន្ធ ធ្វើទុក្ខបុកម្នេញ រំលោភបំពានយកដី របស់គាត់ដែលកំពុងរស់នៅអាស្រ័យផល យ៉ាងសុខសន្ត ៕ ដោយ ៖ មនោរាហ៍