ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលសង្កាត់លេខ១ បានឲ្យដឹងថា ស្ត្រីម្នាក់ដែលលង់ទឹកបាត់ខ្លួននៅសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃម្សិលមិញ ពេលនេះ ត្រូវសមត្ថកិច្ចស្វែងរកឃើញហើយ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា នេះ ការបន្តរុករកនេះ ដោយកម្លាំងផ្នែកបង្ក្រាបបទល្មើសព្រៃឈើក្បាលឆាយ និងកម្លាំងផ្នែកសឹករងព្រះសីហនុ ដោយបានសហការជាមួយសមត្ថកិច្ចមូលដ្ឋានពាក់ពន្ធ័ និងប្រជាពលរដ្ឋ ដោយបានស្វែងរកសាកសពស្ត្រីរងគ្រោះ កាលពីព្រឹកមិញនេះ។
យោងតាមរបាយការណ៍ សមត្ថកិច្ចជំនាញ ឲ្យដឹងថា ដើមហេតុនាំឲ្យស្រ្តីរងគ្រោះលង់ទឹកស្លាប់ ដោយសារស្ត្រីរូបនេះធ្វើដំណើរទៅរកប្តី ហើយដើរឆ្លងកាត់ប្រឡាយជីក រួចរអិលជើងធ្លាក់ចូលក្នុងទឹកដែលហូរខ្លាំង ហើយក៏បាត់ខ្លួន រហូតដល់ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ទើបសមត្ថកិច្ចប្រទះឃើញសាកសពអណ្តែតទឹក ទើជាប់នឹងមែកឈើ។
សមត្ថកិច្ចបញ្ជាក់ថា សាកសពស្ត្រីរងគ្រោះមានឈ្មោះ សុខ សាលន់ អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។
តាមការសន្និដ្ឋានរបស់មន្ត្រីនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ បានឲ្យដឹងថា សាកសពស្ត្រីរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
បច្ចុប្បន្ន សាកសព ស្ត្រី រូបនេះ ត្រូវបាន បងប្អូនសាច់ញាតិ យកទៅ ធ្វើបុណ្យ តាមប្រពៃណី៕ ដោយ មនោរាហ៍