ខេត្តព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ ខេត្ត ចំពោះមន្ត្រីរាជការក្រោមឱវាទជាពិសេសមន្ត្រីសាលាខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួសមុខឲ្យឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត បានជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ ក្រោមឱវាទ ក្នុងឱកាសអបអរពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ខាងមុខនេះ ។
កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅ ព្រឹក ថ្ងៃអង្គារ ១៣ រោច (ត្រូវ និង វេនបិណ្ឌទី ១៣) ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ និង ថ្ងៃអង្គារទី ១៥ ខែ កញ្ញា ឆ្នាំ ២០២០ នៅសាលប្រជុំធំ នៃ សាលា ខេត្តព្រះសីហនុ។
មានប្រសាសន៍សំណេះសំណាល នេះដែរ ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បាន ធ្វើការកើត សរសើរដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា កម្លំាងការពារ និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញ ការងារទទួលបានជោគជ័យរយៈពេលកន្លងមក ។ ឯកឧត្តមក៏បានផ្តាំផ្ញើឲ្យមន្ត្រីរាជការត្រូវចេះសហការសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ផ្តល់សេវាសាធារណៈ ប្រកប ដោយគុណភាព ប្រសិទ្ធភាព ឆ្លើយតបទាន់ ពេលវេលា ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។
ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន ក៏បានអំពាវនាវ ឲ្យ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងអស់គ្នា ចូលរួមគោរព និង អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានការនានាដែលបានកំណត់ របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខ នឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ។
ឯកឧត្តមអភិបាល ខេត្ត បានអំពាវនាវបន្ថែមថា”ក្រៅពីសុវត្ថិភាពសុខភាព សូមបងប្អូនបើកបរមានការប្រុងប្រយ័ត្ន យោគយល់អោយគ្នាទៅវិញទៅមក ហើយគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ចៀសវាងកុំអោយមានការសោកស្តាយនៅក្នុងថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ ។ សូមអាជ្ញាធរមាន សមត្ថកិច្ចយកចិត្តទុកដាក់ការពារ សុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ អោយបានល្អនៅក្នុង ថ្ងៃឈប់សម្រាកខាងមុខនេះ។
ឯកឧត្តម គួច ចំរើន បានបន្ថែមទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ដល់មន្ត្រីរាជការ ជាពិសេសក្នុងពេលមានពិធីបុណ្យទំនៀមទំលាប់ប្រពៃណីជាតិម្តងៗ ដូចជា បុណ្យភ្ជំបិណ្ឌ និង បុណ្យចូលឆ្នាំថ្មី ដោយជួយឧបត្ថម្ភនូវថវិកាមួយចំនួនដល់មន្ត្រីរាជការបន្ថែម ដើមី្បចូលរួមរីករាយ អបអរ ក្នុងពិធីទាំងនោះផងដែរ ។
ឯកឧត្តម បានបញ្ជាក់ទៀតថា ការប្រារព្ធពិធីនេះឡើងគឺមានគោលបំណងដើម្បីបង្ហាញពីការយកចិត្តទុកដាក់ បង្កើនភាពស្និទ្ធិស្នាល ភាតរភាព សាមគ្គីភាព និង រួមសុខរួមទុក្ខគ្រប់ កាលៈទេសៈ គ្រប់ស្ថានភាព ក្នុង ភាពជាគ្រួសារតែមួយក្នុងរចនាសម្ព័ន្ធការងារ ពីសំណាក់ថ្នាក់ដឹកនាំជាមួយមន្ត្រីក្រោមឱវាទ ដែលជាកត្តាលើកទឹកចិត្តជំរុញឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធិភាពខ្ពស់ មានគណនេយ្យភាព និង តម្លាភាពចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ពិសេសធ្វើឱ្យការផ្តល់សេវាសាធារណៈពីមន្រ្តីរបស់យើងជូនប្រជាពលរដ្ឋនៅមូលដ្ឋានកាន់ តែ មានប្រសិទ្ធិភាព និងស័ក្តិសិទ្ធិបន្ថែមទៀត។
សូមជម្រាបជូនថាការ ប្រារព្ធពិធីនេះឡើងនាពេល នេះ គឺមិនមែនជាលើកទីមួយឡើយសម្រាប់រដ្ឋបាល ខេត្តព្រះសីហនុ ជាក់ស្តែងកន្លងទៅរដ្ឋបាលខេត្តតែងតែប្រារព្ធពិធីសំណេះសំណាលនេះនៅរៀងរាល់មុនជិតដល់ពិធីបុណ្យជាតិធំៗ ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំសកល ដើម្បីជាការតបស្នង និងលើកទឹកចិត្តដល់មន្រ្តីរាជការ ទាំងអស់ដែលបានខិតខំបំពេញ ការងារកន្លងទៅ។
ឯកឧត្តម គួច ចំរើនបានបន្តទៀតថា៖ តាងនាមឱ្យ គណៈអភិបាលខេត្ត និង ជួសមុខឲ្យ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា សហខេត្តព្រះសីហនុ បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់មន្រ្តីរាជការទាំងអស់មានចំនួនជាង ៣០០ នាក់ ក្នុងម្នាក់ម្នាក់ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១ លានរៀល នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕ដោយមនោរាហ៍