ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បាន ប្រារព្ធពិធីសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់គ្រប់ប្រភេទ រួមនិង ក្រុមគ្រូពេទ្យ នៃមន្ទីរ សុខាភិបាលខេត្តព្រះសីហនុ ប្រមាណ ជាង ១០០០ នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នៅសាលាខេត្តសាលាខេត្តព្រះសីហនុ។
ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម គួច ចំរើន បាននាំការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេរ តែងតែគិតគូពីសុខទុក្ខ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងមូល។
ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកន្លងមកបានចូលរួមគាំទ្រយ៉ាងសកម្ម ក្នុង ក្នុងការអភិវឌ្ឍន៍ខេត្ត និង អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ស្របតាមតួនាទី និង ភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់រាល់បញ្ហាកើតមានឡើង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទរបស់យើងតែងបានសហការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយ និងបញ្ចៀសបាននូវរាល់ការកកស្ទះចរាចរណ៍ ជូនដល់អ្នកធ្វើដំណើរគ្រប់ប្រភេទ ដោយមិនខ្លាចនឿយហត់ ទោះបីស្ថិតក្នុងអាកាសធាតុក្តៅខ្លាំង ឬមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ។
ឯកឧត្តមថា (បើយើងពិនិត្យទៅក្នុងស្ថានការណ៍បច្ចុប្បន្ននេះ ប្រទេសជាតិរបស់យើងកំពុងជួបប្រទះនូវបញ្ហាជំងឺកូវីដ១៩ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក៏បានចូលរួមយ៉ាងសកម្ម នៅក្នុងយុទ្ធនាការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះតាមរយៈយុទ្ធនាការផ្សព្វផ្សាយ សារជាសំឡេងរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការ អនាម័យសុខភាព ការត្រៀមបម្រុងនូវកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកជំងឺ ការស្រង់ស្ថិតិពលករ ដែលវិលត្រឡប់មកពីប្រទេសជិតខាង និងការចូលរួមអនុវត្តយ៉ាងសកម្មរាល់បទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត)។
ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដល់ជូនកងកម្លាំងទាំងបីប្រភេទ សរុប ១០០០នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ផងដែរ៕ ដោយមនោរាន៍