ឆ្នាំ២០២១ ប្រាក់ឈ្នួលកម្មករ និយោជិតក្នុងវិស័យកាត់ដេរ ដំឡើងបាន២ដុល្លារ ស្មើនឹង១៩២ដុល្លារ

បន្ទាប់ពី ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិត តំណាងភាគីនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាលផងនោះ បានបើកកិច្ចប្រជុំពិភាក្សារួមគ្នា តាំងពីថ្ងៃទី៣ខែកញ្ញា រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ភាគីទាំងបី បានឯកភាពគ្នាជាឯកច្ឆន្ទគាំទ្រតួលេខ១៩០ដុល្លារអាមេរិក ជាតួលេខប្រាក់ឈ្នួលអប្បបរមាក្នុងមួយខែ សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២១។

ក្នុងនោះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានស្នើតួលេខចំនួន១៩០ដុល្លារអាមេរិក ជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោ ជិត ផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១។ យោងរបាយការណ៍របស់ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចបន្ថែមទឹកប្រាក់ចំនួន២ដុល្លារអាមេរិក លើទឹកប្រាក់ចំនួន១៩០ ដុល្លារអាមេរិក។ ដូច្នេះចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ២០២១ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នឹងមានប្រាក់ឈ្នួលរប្បរមាចំនួន ១៩២ ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន១៨០ដុល្លារអាមេរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតសាកល្បង។

ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកនៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន៧ដុល្លារអាមេរិក ក្នុងមួយខែ។ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារអាមេរិកក្នុងមួយខែ,ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និង ប្រាក់រង្វាន់រកើតភាពការងារចំនួនពី ២ដុល្លារអាមេរិកដល់១១ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករ និយោជិត ដែលបានធ្វើការចាប់ពីឆ្នាំទី២ដល់ឆ្នាំទី១១។ ដូច្នេះជាមធ្យមកម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី២០៩ដុល្លារអាមេរិក ដល់២២០ដុល្លារអាមេរិក ក្នុងមួយខែ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះ សម្ដេចតេជោ នាយករដ្ឋ មន្ត្រី ដែលបានរក្សាសុខសភាព ស្ថិរភាព សណ្ដាប់ធ្នាប់សង្គម និងដាក់ចេញនូវកម្មវិធី កែទម្រង់នានា សំដៅរក្សាឱ្យបាននូវភាពប្រកួតប្រជែងនៃបរទេស និងជាមូលដ្ឋានគ្រឹះ ក្នុងការទាក់ទាញទុនវិនិយោគថ្មី និងការងារថ្មីដល់ប្រជាពលរដ្ឋ ជាពិសេសការដាក់ចេញនូវកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលចំនួន៥ជុំ ដើម្បីចូលរួមចំណែកបន្ធូរបន្ទុក ការរស់នៅរបស់ប្រជាពលរដ្ឋនិងការជួយស្តារនិងជំរុញកំណើន សេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវី-១៩។

បន្ថែមពីនេះ ក្រសួងក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ប្រាក់បន្ថែមចំនួន ២ដុល្លារអាមេរិកលើតួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលការបន្ថែមនេះនឹងរួមចំណែកធ្វើឱ្យជីវភាពរស់ នៅរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ក៏ដូចជាក្រុមគ្រួសារកាន់តែ មានភាពល្អប្រសើរឡើងជាងមុន និងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ និងកាន់តែមានភាពចាស់ទុំក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២១ នេះ៕