លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ដែលបានផ្សព្វផ្សាយថា មានជនជាតិវៀតណាមចំនួន ៣នាក់បានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីត្រឡប់ទៅប្រទេសវៀតណាម វិញ តាមច្រកព្រំដែនបាវិត-ម៉ុកបៃ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់នៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ ថា ៖ « នេះជាព័ត៌មានមិនត្រឹមត្រូវទេ។ ករណីនេះគឺពួកគេអាចឆ្លងនៅប្រទេសវៀតណាមតែម្តង»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ សារព័ត៌មានវៀតណាម VN Express បានចុះផ្សាយថា មានជនជាតិវៀតណាមចំនួន ០៣នាក់ ដែលត្រឡប់ពីកម្ពុជា កាលពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ តាមច្រកព្រំដែនបាវិត-ម៉ុកបៃ នៃខេត្តស្វាយរៀង កម្ពុជា និងខេត្តតៃនិញ វៀតណាម ត្រូវបានរកឃើញមានវីរុសកូវីដ-១៩ ក្នុងនោះការធ្វើតេស្តលើកទី១ សុទ្ធតែអវិជ្ជមាន ប៉ុន្តែការធ្វើតេស្តលើកទី២ ទើបវិជ្ជមាន៕