ឯ.ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារចំពោះកិច្ចចុះត្រួតពិនិត្យវឌ្ឍនភាព ការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ «ព្រៃវល្លិ៍» និងដោះស្រាយបញ្ហាប្រឈមនានា នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី១០ កញ្ញានេះ។ ឯ.ឧ ទេសរដ្ឋមន្ត្រី អះអាងថា ការបើកច្រកព្រំដែនត្រង់ចំណុចព្រៃវល្លិ៍ នឹងជួយកាត់បន្ថយការកកស្ទះនៅច្រកអន្តរជាតិបាវិត។
ឯ.ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា ការបើកច្រកទ្វារព្រំដែនអន្តរជាតិ «ព្រៃវល្លិ៍» នឹងបើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសកម្ពុជា-វៀតណាម កាត់បន្ថយការកកស្ទះចរាចរណ៍ បង្កើនការវិនិយោគ ជំរុញការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន បង្កើតការងារធ្វើជូនប្រជាពលរដ្ឋ។ ពិសេសទាក់ទាញភ្ញៀវទេសចរណ៍ ដែលកត្តាទាំងនេះជាកម្លាំងចលករយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមរបស់ប្រជាជាតិ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្តថា ការចុះពិនិត្យវឌ្ឍនភាពការរៀបចំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ នេះគឺដើម្បីរិះរកនីតិវិធីបើកច្រកព្រៃវល្លិ៍ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកព្រំដែន កម្ពុជា-វៀតណាម និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែនបាវិត-ម៉ុកបៃ ដែលបច្ចុប្បន្នកំពុងធ្វើឱ្យរាំងស្ទះខ្សែសង្វាក់ដឹកជញ្ជូនទំនិញខាតបង់ពេលវេលា និងថវិការបស់ប្រតិបត្តិករ។ ឯ.ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន
ឯ.ឧ ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជឿជាក់ថា នៅពេលច្រកនេះ បើកដំណើរការ នឹងធ្វើឲ្យខេត្តកាន់តែទទួលបានអ្នកវិនិយោគបន្ថែមទៀត ពិសេសការបង្កើត តំបន់សេដ្ឋកិច្ច។
សូមជម្រាបថា កម្ពុជាគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្លូវដែកតភ្ជាប់កម្ពុជា វៀតណាម (ហូជីមិញ) ដែលជាច្រកដ៏សំខាន់សម្រាប់ជំរុញ កំណើនសេដ្ឋកិច្ច វិនិយោគ ទេសចរណ៏៕