ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

នៅព្រឹកថ្ងៃទី២៥ ខែសីហា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងបង្ហាញពីចំណាប់អារម្មណ៍ និងទស្សនទាននៃការរួមចំណែករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់រយៈពេល២៤ខែកន្លងទៅ។

ក្នុងកិច្ចប្រជុំនេះ ប្រធានគណៈប្រតិភូនៃគណបក្សនយោបាយជាសមាជិក នឹងត្រូវអនុញ្ញាតឱ្យផ្តល់នូវទស្សនទាន ដើម្បីផ្តល់ធាតុចូលក្នុងន័យស្ថាបនាអំពីបរិបទបច្ចុប្បន្នភាពសង្គម ដោយផ្អែកលើការរកឃើញតម្រុយ និងភស្តុតាងនានា តាមរយៈបេសកកម្មការងារបន្ថែមជាមួយនឹងការប្រឈមនឹងជំងឺកូវីដ១៩ផងដែរ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលអញ្ជើញបិទសន្និបាតរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់កាលពីដើមឆ្នាំ២០២០ បានបង្ហាញការពេញចិត្តជាខ្លាំង ចំពោះសកម្មភាពការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ សម្តេចតេជោ បានលើកឡើងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ បានធ្វើការប្រសើរជាងសមាជិកសភាបក្សប្រឆាំងនាអាណត្តិកន្លងទៅទៅទៀត៕ សំអាង