ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ បានបើកកិច្ចប្រជុំពិភាក្សាដើម្បីត្រួតពិនិត្យ កែលម្អ និងដាក់ចេញជាវិធានការសម្រាប់សាកល្បងបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាក្នុងដំណាក់កាលទីពីរ ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងកិច្ចប្រជុំពិភាក្សានេះបានសម្រេចដាក់ចេញនូវអភិក្រមពីរដែលគ្រឹះស្ថានសិក្សាត្រូវអនុលោមតាម ៖ ១.ការដាក់សុវត្ថិភាព សុខុមាលភាព សុខភាពអ្នកសិក្សា និងបុគ្គលិកអប់រំ ជាអាទិភាព និងទី២.ការជំរុញ ការអប់រំបែបចម្រុះរវាងការធ្វើស្វ័យសិក្សាពីចម្ងាយ ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងការសិក្សាពីចម្ងាយតាមបែបប្រពៃណី។
គួររំឭកថា ក្រសួងអប់រំ បានសម្រេចឱ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសាធារណៈ (រដ្ឋ) ចូលរៀនក្នុងការបើកដំណើរការឡើងវិញដំណាក់កាលទី២ នៅក្នុងខែកញ្ញា ឆ្នាំ២០២០នេះ៕