ថ្ងៃនេះអ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀតជាសះស្បើយ និងមិនមានអ្នកឆ្លងថ្មីទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីដ-១៩ ចំនួន៤នាក់ទៀតបានជាសះស្បើយ និងមានអ្នកឆ្លងថ្មីនោះទេ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺទាំង៤នាក់ដែលព្យាបាលឱ្យជាសះស្បើយនេះ ជាបុរសជនជាតិខ្មែរ។ បុរសទាំង ០៤នាក់ខាងលើ ជាអ្នកដំណើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា។ ពួកគេត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តវិជ្ជមានវិបត្តិ៥-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ក្រសួងសុខាភិបាលបានឱ្យដឹងថា មកដល់ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបចំនួន ២៤៣នាក់ មានស្ត្រី ៤៧នាក់ និងបុរស ១៩៦នាក់។ ក្នុងនោះអ្នកជំងឺដែលព្យាបាលឱ្យជាសះស្បើយមានចំនួនសរុប ២១៤នាក់ មានស្ត្រី ៤៦នាក់ និងបុរស ១៦៨នាក់។

រីឯអ្នកកំពុងសម្រាកព្យាបាលមានជំនួន ២៩នាក់។ ក្នុងនោះ ២៦នាក់ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ, ២នាក់ សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយឡែកស្ត្រី១នាក់ ជាជនជាតិកាហ្សាក់ស្តង់ ដែលបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវបានប្តូរមកសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយនៅរាជធានីភ្នំពេញជំនួសវិញ៕