ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបង្កាត់សុនខហិតមីន បានជាង ២០០ក្បាល ខណៈដែលសុនខហិតមីនត្រូវទិញពីបរទេសក្នុងតម្លៃពី ៣ម៉ឺនទៅ ៥ម៉ឺនដុល្លារក្នុង ១ ក្បាល។
លោក ហេង រតនា នាយកមជ្ឈមណ្ឌលនេះ បានប្រាប់ឲ្យដឹងថា ជំនាញសុនខហិតមីន ត្រូវបានបង្កើតឡើង និងនាំចូលផ្តល់ការគាំទ្រដល់អង្គភាពស៊ីម៉ាក់ ដោយកងទ័ពប្រទេសស៊ុយអ៊ែតក្នុងឆ្នាំ ១៩៩៦ ក្នុងកម្រិតហ្វឹកហ្វឺនសាកល្បងប្រើប្រាស់សុនខហិតមីននៅកម្ពុជា និងបានបញ្ចប់គម្រោងនៅឆ្នាំ២០០២។ ប៉ុន្ដែ CMAC បានចាប់ផ្ដើមពង្រឹងភាពជាម្ចាស់ និងភាពជាដៃគូនៃកម្មវិធី សុនខហិតមីនចាប់ពីឆ្នាំ ២០០២ រហូតទទួលបានភាពជោគជ័យ និងរឹងមាំតែម្ដងនៅអំឡុងឆ្នាំ ២០១៦។
តាមទិន្ន័យរបស់អង្គការស៊ីម៉ាក់ បង្ហាញថា រហូតមកដល់បច្ចុប្បន្ននេះ សម្រាប់ក្របខណ្ឌអង្គភាព CMAC បានបោសសម្អាតផ្ទៃដីដែលមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនប្រមាណ ១២០០គីឡូម៉ែត្រក្រឡា និងដោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ២,៩លានគ្រាប់ត្រូវបានដោះចេញយកទៅកម្ទេចចោល៕