តុលាការវ៉េណេស៊ុយអេឡា ចេញដីកាចាប់ខ្លួនមេបក្សប្រឆាំង លោក Gonzalez

Oplus_131072

(ការ៉ាកាស)៖ ការិយាល័យអគ្គរដ្ឋអាជ្ញាវ៉េណេស៊ុយអេឡា បាន​ឱ្យដឹងកាលពីថ្ងៃចន្ទ ទី២ ខែកញ្ញា ថាតុលាការបានចេញដីកាចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងលោក Edmundo Gonzalez ដោយចោទរូបលោកថាបានប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរ ចំពោះមុខការឈ្លោះប្រកែកគ្នាថាតើលោក Gonzalez ឬក៏លោកប្រធានាធិបតី លោក Nicolas Maduro ដែលជាអ្នកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល កាលពីខែកក្កដាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

ការចេញដីកាចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីរដ្ឋអាជ្ញា លោក Luis Ernesto Duenez បានស្នើឱ្យមានការឃាត់ខ្លួនលោក Gonzalez ដោយចោទប្រកាន់ថាមេបក្សប្រឆាំងរូបនេះបាន ប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរជាច្រើន ដូចជាក្លែងបន្លំឯកសារសាធារណៈ ញុះញង់ឱ្យប្រឆាំងអាជ្ញាធរ និងធ្វើសកម្មភាពប្រឆាំងរដ្ឋវ៉េណេស៊ុយអេឡា។ អ្នកនាំពាក្យរបស់លោក Gonzalez បាននិយាយថាពួកគេកំពុងរង់ចាំការជូនដំណឹងជាផ្លូវការពីដីកាចាប់ខ្លួន ដោយមិនបានបញ្ជាក់លម្អិតនោះទេ ប៉ុន្តែបានអះអាងថាលោក Gonzalez មិនបានប្រព្រឹត្តកំហុសដូចជា ការចោទប្រកាន់នោះទេ។

គួរបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោតវ៉េណេស៊ុយអេឡា និងតុលាការកំពូល បានទទួលស្គាល់ថាលោក Maduro គឺជាអ្នកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ប្រធានាធិបតី កាលពីថ្ងៃទី២៨ ខែកក្កដា។ ប៉ុន្តែ គណបក្សប្រឆាំង និងបណ្ដាប្រទេសលោកខាងលិចមួយចំនួន តួយ៉ាងដូចជាសហរដ្ឋអាមេរិកបាននិយាយថាការបោះឆ្នោតនេះ គ្មានភាពយុត្តិធម៌ ហើយថាគណបក្សប្រឆាំងទៅវិញដែលជាអ្នកទទួលបានជ័យជម្នះ៕