(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ ទី៣១ ខែកក្កដា បានព្រមានថានឹងធ្វើការឆ្លើយតបយ៉ាងខ្លាំងបំផុត ទៅនឹងរាល់ ការវាយប្រហារ ឬការឈ្លានពានណាមួយប្រឆាំងនឹងអ៉ីស្រាអែល បន្ទាប់ពីការសម្លាប់មេដឹកនាំនយោបាយហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់ និងមេបញ្ជាការ ជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡា នៅលីបង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Netanyahu នៅអំឡុងធ្វើសេចក្ដីថ្លែងការណ៍មួយផ្សាយតាមកញ្ចក់ទូរទស្សន៍ បាននិយាយថាអ៉ីស្រាអែលបានផ្ដល់មេរៀនដ៏ជូរចត់ដល់ក្រុម proxy របស់អ៉ីរ៉ង់ ក្នុងនោះរួមមាន ហាម៉ាស និងហេសបូឡា។ ប៉ុន្តែ លោកមិនបានលើកឡើងពីការសម្លាប់លោក Haniyeh នោះទេ ខណៈអ៉ីរ៉ង់ និងក្រុមហាម៉ាសបានគំរាមសងសឹកអ៉ីស្រាអែល ជុំវិញការធ្វើឃាតមេដឹកនាំ ហាម៉ាសរូបនេះក្នុងទីក្រុងតេហេរ៉ង់ដែលបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពីហានិភ័យនៃការផ្ទុះសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។
ក្នុងសេចក្ដីថ្លែងការណ៍ដដែល លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែលបានគូសបញ្ជាក់ដូច្នេះថា «យើងបានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់គ្រប់សេណារីយ៉ូទាំងអស់ ហើយយើងនឹង រួបរួមគ្នាទប់ទល់ប្រឆាំងនឹងរាល់ការគំរាមកំហែង។ អ៉ីស្រាអែលនឹងសងសឹកវិញយ៉ាងចាស់ដៃទៅនឹងការឈ្លានពានណាមួយប្រឆាំងនឹងពួកយើងមិនថាចេញមកពីកន្លែងណានោះទេ»៕