GMAC ស្នើទៅ EU ពន្យារពេលដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក្នុងគ្រាវិបត្តិកូវីដ-១៩

ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងកម្ពុជាហៅកាត់ថា GMAC បានផ្ញើលិខិតមួយទៅកាន់សហភាពអឺរ៉ុប ( EU ) ដើម្បីពន្យារពេលក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាលើកម្មវិធី EBA (ទំនិញគ្រប់យ៉ាងលើកលែងអាវុធ ) ដោយសារតែពេលនេះវិស័យកាត់ដេរកម្ពុជា បានរងទុករួចទៅហើយ ព្រោះតែជំងឺកូវីដ១៩ ដែលធ្វើអោយកម្មករ កម្មការិនីរោងចក្រកាត់ដេររាប់ម៉ឺននាក់បាត់បង់ការងារ ។

យោងតាមសេចក្តីព័ត៌មានរបស់ GMAC នៅថ្ងៃទី០២ មិថុនា ២០២០ នេះបានអោយដឹងថា ចាប់តាំងពីមានការរាលដាលនៃជំងឺកូវីដ ១៩ រោងចក្រជាង ២៥០រោងចក្រនៅក្នុងប្រទេសកម្ពុជា ទាំងកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផ្នែកខ្លះនៃសម្ភារៈធ្វើដំណើរ ត្រូវបានព្យួរប្រតិបត្តិការ ។ កម្មករជាង១៣ម៉ឺននាក់នៅក្នុងវិស័យនេះ ដែលភាគច្រើនជាស្ត្រីក៏បានបាត់បង់ការងារហើយចំនួននេះនឹងបន្តថែមទៀត ។

លោកBen Kao អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងអោយដឹងថា ក្នុងរយៈពេលខ្លីនេះ ការបញ្ជាទិញពីហាងម៉ាកល្បីៗ នៅសហភាពអឺរ៉ុបនិងអាមេរិកខាងត្បូងទំនងជាមានការប្រឈមខ្លាំង ហើយអាចមានការលុបចោលការបញ្ជាទិញពីព្រោះតែវិបត្តិហិរញ្ញវត្ថុ ដោយសារការរាលដាលនៃជំងឺកូវីដ១៩ នៅបណ្ដាប្រទេសទាំងនោះ ។ តាមការព្យាករណ៍ក្នុងត្រីមាសទី២នៃឆ្នាំ២០២០នេះ ខ្សែច្រវ៉ាក់ផលិតនៃផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរក្នុងប្រទេសកម្ពុជា អាចនឹងថមថយ៥០ទៅ៦០ភាគរយទៀតធៀបនឹងឆ្នាំ ២០១៩ ហើយក៏រំពឹងថាវា នឹងល្អប្រសើរឡើងវិញនៅ នៅមុនឆ្នាំ ២០២១ ។ ទាំងនេះនឹងអាចធ្វើអោយគ្រួសាររាប់រយពាន់គ្រួសារមានហានិភ័យបាត់បង់ការងារហើយក៏នឹងអាចធ្វើអោយពលរដ្ឋកម្ពុជារាប់លាន ត្រលប់ទៅរកភាពក្រីក្រវិញ។

លោកឧកញ៉ា វ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើងក៏បានអោយដឹងថា នៅក្នុងសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបបានកំណត់ថានៅថ្ងៃទី១២ ខែសីហា ២០២០នេះ សហភាពអឺរ៉ុបនឹងចាប់ផ្ដើមព្យួរប្រព័ន្ធអនុគ្រោះពន្ធផ្នែកខ្លះពីកម្ពុជា ដោយក្នុងនោះដែរ ផលិតផលសម្លៀកបំពាក់២០ភាគរយ និងស្បែក៣០ភាគរយត្រូវបានប៉ះពាល់និងតម្រូវអោយមានការបង់ពន្ធ បើសិនជានាំទៅកាន់អឺរ៉ុប ។

លោកបញ្ជាក់ថា បើសិនជាសេចក្តីសម្រេចរបស់អឺរ៉ុបនៅតែបន្ត កម្ពុជានឹងបាត់បង់ការបញ្ជាទិញថែមទៀត ហើយនឹងធ្វើអោយបាត់បង់ឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាបន្ថែម ហើយការបាត់បង់នេះនឹងមិនត្រលប់មកវិញជាដាច់ខាត ។ សហភាពអឺរ៉ុបគួរតែពន្យារពេលក្នុងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ដែល ខ្លួនបានកំណត់ក្នុងខែ សីហាខាងមុខនេះ បើមិនដូច្នេះទេ វិស័យនេះនឹងធ្លាក់កាន់តែធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក ៕