កូរ៉េខាងជើង អះអាងពីការធ្វើតេស្ដជោគជ័យ ក្នុងការអភិវឌ្ឍមីស៊ីលបំពាក់ក្បាលគ្រាប់ ច្រើនគ្រាប់

Oplus_131072

(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនានេះបានរាយការណ៍ថាកូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដដ៏សំខាន់មួយ ប្រកបដោយជោគជ័យ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលដែលអាចពាំក្បាលគ្រាប់បានច្រើនគ្រាប់។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

តាម KCNA ការធ្វើតេស្ដខាងលើ បានធ្វើឡើងកាលពីថ្ងៃពុធ ទី២៦ ខែមិថុនា ដោយប្រើម៉ាស៊ីនដំណាក់កាលទី១មួយ ប្រើប្រាស់ឥន្ធនៈរឹង ដែលបំពាក់នៅលើមីស៊ីល បាលិស្ទីគរយៈចម្ងាយមធ្យម និងចម្ងាយឆ្ងាយ។ សេចក្ដីរាយការណ៍នេះដែរ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយោធាកូរ៉េខាងត្បូងបាននិយាយថាកូរ៉េខាងជើង ទំនងជាបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងមួយគ្រាប់ឆ្ពោះទៅកាន់ឆ្នេរភាគខាងកើតរបស់ខ្លួន ប៉ុន្តែបានផ្ទុះនៅលើអាកាស។

KCNA បានឱ្យដឹងទៀតថាមីស៊ីលដែលត្រូវបានធ្វើតេស្ដ បានបំបែកក្បាលគ្រាប់ដាច់ចេញពីគ្នា ដោយវាយប្រហារចំគោលដៅ៣ ក្នុងពេលតែមួយ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រួមទាំងជប៉ុន តែងតែថ្កោលទោសការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង ថាជាទង្វើបំពានលើដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខ​ UN ហើយជាការគំរាមកំហែងដល់តំបន់ទាំងមូល៕