នាយករដ្ឋមន្រ្តីសូឡូម៉ុន លោក Manele ទៅដល់ទីក្រុង Canberra សម្រាប់ការពិភាក្សាពីទំនាក់ទំនងជាមួយអូស្រ្តាលី

(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីនៃប្រទេសដីកោះសូឡូម៉ុន លោក Jeremiah Manele បានជួបនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese ក្នុងទីក្រុងកងបេរ៉ា នៅថ្ងៃពុធនេះ សម្រាប់កិច្ចពិភាក្សាអំពីទំនាក់ទំនងសន្តិសុខ និងការអភិវឌ្ឍ ចំពេលដែលសហរដ្ឋអាមេរិក និងចិនក៏កំពុងប្រជែងឥទ្ធិពលគ្នាក្នុងតំបន់ប៉ាស៉ីហ្វិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ ២០២៤។

លោក Albanese និយាយថា លោក Manele បានជ្រើសរើសយកអូស្រ្តាលី ជាប្រទេសទីមួយដើម្បីបំពេញទស្សនកិច្ច គិតចាប់តាំងពីឡើងកាន់តំណែង នាខែមេសា។ លោក Albanese បានប្រាប់សន្និសីទសារព័ត៌មានក្រោយជួបជាមួយ លោក Manele យ៉ាងដូច្នេះថា «យើងមានភាពច្បាស់លាស់ និងបើកចំហជាមួយគ្នាទៅវិញទៅមក ហើយនេះគឺជាគន្លឹះនៃភាពជាដៃគូយូរអង្វែងរបស់យើង។ អូស្ត្រាលី បើកចំហចំពោះភាពជាដៃគូកាន់តែរឹងមាំ និងស៉ីជម្រៅជាមួយសូឡូម៉ុន»

នៅក្នុងសេចក្តីថ្លែងការណ៍រួម មេដឹកនាំទាំងពីរ បានលើកឡើងថា អូស្រ្តាលី និងសូឡូម៉ុន គឺគ្រួសារមួយដែលមានអនាគតពាក់ព័ន្ធគ្នា។ អូស្រ្តាលីជាជម្រើសដៃគូសន្តិសុខរបស់សូឡូម៉ុន ហើយនឹងជួយសូឡូម៉ុនលើការជំរុញកងកម្លាំងប៉ូលិសរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើដៃគូសន្តិសុខខាងក្រៅ។

គួរបញ្ជាក់ថា អូស្ត្រាលី និងចិន សុទ្ធតែមានវត្តមានប៉ូលិសនៅលើប្រទេសដីកោះ ដែលមានទីតាំងយុទ្ធសាស្ត្រប្រវែង ១,៦០០គីឡូម៉ែត្រ ភាគឦសាននៃប្រទេសអូស្ត្រាលីមួយនេះ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់សូឡូម៉ុន លោក Manele គ្រោងបំពេញទស្សនកិច្ចប្រទេសចិន នៅខែកក្កដា៕