(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់ការណែនាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ក្នុងការរើសកម្លាំងថ្មីបំពេញបន្ថែម ត្រូវផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជន អតីតកូនចៅប៉ូលីស និងអតីតកូនចៅអាវុធហត្ថផងដែរ។
សម្តេចធិបតី ថ្លែងណែនាំបែបនេះ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាមប្រសាសន៍សម្តេចធិបតី ការផ្ដល់អាទិភាពនេះ មិនមែនមានន័យថា យុវជនដែលជាកូនចៅប្រជាពលរដ្ឋធម្មតាមិនមានឱកាសនោះទេ ពោលនៅតែអាចដាក់ពាក្យបានដូចគ្នា ហើយការផ្តល់អាទិភាពបែបនេះ ដើម្បីលើកទឹកចិត្តដល់អតីតយុទ្ធជន អតីតប៉ូលីស និងអតីតអាវុធហត្ថ តាមរយៈការផ្តល់ឱកាសឲ្យកូនចៅពួកគាត់បានបន្តវេនបម្រើជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមផ្តល់ការណែនាំដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ អគ្គមេបញ្ជាការ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ កងទ័ពជើងគោក មេទ័ព នៅក្នុងការរើសទ័ពថ្មីបំពេញនៅថ្ងៃក្រោយ សូមផ្តល់អាទិភាពដល់កូនចៅអតីតយុទ្ធជន អតីតកូនចៅប៉ូលីស និងអតីតកូនចៅអាវុធហត្ថផង ឲ្យគាត់បានមានឱកាសនៅក្នុងការចូលក្នុងការបំពេញភារកិច្ចបន្តវេនពីឪពុកម្តាយ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលិកម្មប្រកបដោយស្មារតី ស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និង ប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្របាន រួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី, ការកសាងសុខសន្តិភាព និង ស្ថិរភាពសង្គម សម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និង ប្រជាជនកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសជំហរមិនគាំទ្រការកំណែទម្រង់ផ្សេងៗ ដែលប៉ះពាល់ដល់អតីតយុទ្ធជន ខណៈរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់អតីតយុទ្ធជន ក្នុងការវិលត្រឡប់មកបំពេញការងារ តាមរយៈតួនាទីជាក្រុមប្រឹក្សា ឬតួនាទីនៅមូលដ្ឋាន។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងការងារ គិតគូរដល់អតីតយុទ្ធជន ដែលនៅមានកម្លាំង និងកូនចៅ ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អតីតយុទ្ធជន ដែលបន្ដជឿទុកចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបន្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៧។
សូមជម្រាបថា បច្ចុប្បន្នអតីតយុទ្ធជនចំនួន ១០៩,០៣៤នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន១៤៩,០៥៣នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ ដែលប្រាក់របបនេះត្រូវបានកែសម្រួលជាបន្តបន្ទាប់ ដោយផ្អែកតាមកំណើនសេដ្ឋកិច្ចជាតិ៕