រដ្ឋបាលខេត្តកោះកុង សិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្ត ស្តីពីក្របខណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម

កោះកុង÷ នៅរសៀលថ្ងៃទី១៧ ខែឧសភាឆ្នាំ ២០២៤ លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ពិន សាវាត សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ក្នុងសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្ត ស្តីពីក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម នៅសាលមហោស្រពខេត្តកោះកុង។

មានប្រសាសន៍ក្នុងសិក្ខាសាលា លោកស្រីឈី វ៉ា អភិបាលរងខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តយុទ្ធសាស្ត្រដឹកនាំពីរាជរដ្ឋាភិបាល អាណត្តិមុន ដោយដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះមាន ការលើក កម្ពស់សុខុមាលភាពប្រជាជន គឺជាគោល នយោបាយអនុវត្តតាមវិស័យ ដោយមានការលើកកម្ពស់ទំនើបភាវូបនីយកម្មប្រព័ន្ធផ្តល់សេវាសុខាភិបាលសុខភាពឆ្ពោះទៅ សម្រេចការគ្របដណ្តប់សុខភាពជាសកល នៅដំណាច់ឆ្នាំ២០៣០។

ឆ្លើយតបនឹងគោលនយោបាយខាងលើ ក្រសួងសុខាភិបាល បានដាក់ចេញនូវសកម្មភាព ជាអាទិភាព ចំនួន ៩ រួមមមាន ÷
១.បង្កើនសកម្មភាពអប់រំសុខភាពដល់ប្រជាជនឱ្យកាន់តែប្រសើរឡើង។
២.ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានា (អេដស៍-គ្រុនចាញ់-របេង។ល។)។
៣.ទប់ស្កាត់ការរីករាលដាលនូវជំងឺឆ្លងជាសកលនានា (កូវីដ-១៩។ល។)។
៤.ប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងនានា (លើសឈាម-ទឹកនោមផ្អែម-មហារីកមាត់ស្បូន។ល។)។
៥.ប្រយុទ្ធប្រឆាំងនឹងការប៉ះពាល់សុខភាពដោយសារបំរែបំរួលអាកាសធាតុ។
៦.ធ្វើឱ្យប្រសើរឡើងការថែទាំ និងព្យាបាល ដោយចូលរួមក្នុងវិស័យគាំពារសង្គម (មូលនិធិ សមធម៌របបបេឡាជាតិសន្តិសុខសង្គម (បសស) ។ល។)។
៧.លើកកម្ពស់គុណភាពនៃការថែទាំ ទាំងនៅក្នុងសេវាសាធារណៈ និងឯកជន។
៨.អភិវឌ្ឍន៍ធនធានមនុស្ស និងលើកកំពស់សមត្ថភាពអ្នកជំនាញសុខាភិបាល និងការពង្រាយបុគ្គលិកដល់មូលដ្ឋាន។
និង ៩.អភិវឌ្ឍន៍សុខភាពឌីជីថល។

ដើម្បីអនុវត្តបាននូវសកម្មភាពអាទិភាពទាំង៩នេះ ក្រសួងសុខាភិបាល ក៏បានលើកគោលដៅអាទិភាពបន្ទាន់ចំបង ចំនួន ៣ គឺ ៖
១.ពង្រឹងមណ្ឌលសុខភាព៖ ដោយកែលម្អអាគារ បំពាក់សម្ភារ ឱសថ ពង្រឹងសមត្ថ ភាព បុគ្គលិក ក្នុងការបម្រើការសេវាសុខភាព ២៤ម៉ោង។
២.ពង្រឹងមន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យខេត្ត ព្រមទាំងនិយ័តកម្មសេវាឯកជនអោយបានប្រសើរឡើង។
៣.ពង្រឹងស្ថាប័ន តាមរយៈការបណ្តុះលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់គ្រប់ថ្នាក់ ដែលត្រូវយកចិត្តទុកដាក់អនុវត្តជាបន្ទាន់ដើម្បីចូលរួមចំណែកសម្រេចបានការគ្របដណ្តប់ សេវាជាសកល និងធ្វើឱ្យប្រជាជនកម្ពុជា មានសុខភាពល្អ និងអាយុយឺនយូរ ។

លោកស្រីអភិបាលរង មានប្រសាសន៍បន្តថា មកដល់ឆ្នាំ២០២៣ ក្រសួងសុខាភិបា ល បានធ្វើបច្ចុប្បន្នភាពអំពីក្របខ័ណ្ឌ អនុវត្តការជម្រុញបង្កើនការថែទាំសុខភាពបឋម ដែលមានសកម្មភាពស្នូលទាំង ៦ ដូចខាងក្រោម :
១.ការផ្តល់សេវាលទ្ធភាព និងការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ដើម្បីគាំទ្រ ដល់សុខភាព
២.ការតម្រង់ទិសឡើងវិញ នូវការផ្តល់សេវាសុខភាពដែលផ្តោតលើការពង្រឹងការថែទាំសុខភាពបថមនៅមណ្ឌល សុខភាពជាជម្រើសដំបូង
៣.ការពង្រឹងសមត្ថភាពធនធានមនុស្សសុខាភិបាលឆ្លើយតបទៅនឹងការថែទាំសុខភាពបឋម
៤.ការប្រើប្រាស់នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល
៥.ការវិនិយោគលើការថែទាំសុខភាពបថម សម្រាប់ការគ្របដណ្តប់សុខភាពជាសកលដែលផ្តោតលើការបង្កើនកម្រឹត និងភាពបត់បែននៃការផ្តល់ហិរញ្ញប្បទាន
និង៦.ការលើកកម្ពស់អភិបាលកិច្ច និងការពង្រឹងភាពជាដៃគូ។

លោកស្រី ឈី វ៉ា អភិបាលរងខេត្ត មាន ប្រសាសន៍បញ្ជាក់ថា ក្របខ័ណអនុវត្តការជម្រុញបង្កើនការថែទាំសុខភាពបឋមនេះ មានសារៈសំខាន់សម្រាប់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកទៅប្រើប្រាស់ដើម្បីពិនិត្យមើលស្ថានភាព នៃការថែទាំសុខភាពបឋម ក្នុងតំបន់របស់ខ្លួន និងកំណត់ចក្ខុវិស័យសម្រាប់ការថែទាំសុខភាពសម្រាប់ពេលអនាគត និងយុទ្ធសាស្ត្រតាមធនធានជាក់ស្តែងដើម្បីសម្រេចគោលដៅរបស់ខ្លួន។

ខ្ញុំសូមឱ្យអង្គសិក្ខាសាលាទាំងមូល ចូលរួមអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលនូវក្របខ័ណ្ឌអនុវត្តការជម្រុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា ដើម្បីឱ្យការអនុវត្តការងារថែទាំសុខភាពបឋមនៅខេត្តកោះកុង កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត៕ ដោយ សេន ពិសិដ្ឋ