(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានអញ្ជើញជាអធិបតី
ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិស ដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច
អតីតយុទ្ធជន និងយុវនីតិសម្បទា។
ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជារាជរដ្ឋាភិបាលមានការគិតគូរ និងបានដាក់ចេញនូវវិធានការគ្រប់ជ្រុងជ្រោយ យ៉ាងណាក្តី សម្តេចសូមផ្ដល់នូវអនុសាសន៍ បន្ថែម ចំនួន១៥ចំណុច ដើម្បីតម្រង់ទិសធានាដល់ការសម្រច បាននូវគោលដៅជាយុទ្ធសាស្ត្ររបស់រាជ រដ្ឋាភិបាល ដូចខាងក្រោម៖
ទី១៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជា ពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងបន្តជំរុញ ការអនុវត្តកម្មវិធី ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ស្របតាមដែនសមត្ថកិច្ចរៀងៗខ្លួន ដែលមានវិសាលភាពគ្របដណ្ដប់គ្រប់អ្នកទទួលផលទាំងអស់ ឲ្យទទួលបានលទ្ធផល តាមផែនការដែលបានគ្រោងទុក ។
ទី២៖ សូមលើកទឹកចិត្តឲ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សិក្សារៀបចំកម្មវិធី ស្ពានចម្លងសេវាសង្គមដល់គ្រួសារក្រីក្រ តាមរយៈការអនុវត្តកម្មវិធីស្ពានចម្លងសេវាសង្គមដល់ គ្រួសារក្រីក្រ ជាពិសេសគ្រួសារដែលមានកុមារកំព្រាកុមារ ដែលត្រូវបានបោះបង់ចោល មនុស្ស វ័យចាស់គ្មានទីពឹង ជនមានពិការភាព ជនអនាថា និងអ្នកញៀនគ្រឿងញៀន ព្រមទាំង ជំរុញការ អនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ តាមរយៈការផ្ដល់ជំនួយសង្គមជាសាច់ប្រាក់ ក្នុងការបណ្តុះ បណ្តាលវិជ្ជាជីវៈដល់យុវជន នៃគ្រួសារដែលមានប័ណ្ណសមធម៌ បន្តរៀបចំកម្មវិធី គាំទ្រការបង្កើត មុខរបរដល់គ្រួសារក្រីក្រ ។
ទី៣៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវពិនិត្យលទ្ធភាពក្នុងការ រៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងការជួយគាំពារជនអនាថា និងភ្ជាប់មុខសញ្ញាជាមួយ កម្មវិធី ជំនួយ សង្គម ក្នុងកញ្ចប់គ្រួសារ កែសម្រួលនិងសាងសង់មណ្ឌលសំចតសង្គមកិច្ច នៅ តាម រាជធានី-ខេត្ត ឬតាមតំបន់ភូមិភាគ ដើម្បីទទួលជនអនាថា និងជនរងគ្រោះនានា ឲ្យស្នាក់នៅបណ្ដោះអាសន្ន ក្នុងទីជម្រកសមរម្យ មើលថែទាំសុខភាព ប្រឹក្សាយោបល់ បណ្តុះបណ្តាលវិជ្ជាជីវៈ មុនធ្វើសមាហ រណកម្ម ទៅរួមរស់ជាមួយគ្រួសារនិងសហគមន៍វិញ។
ទី៤៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ត្រូវពិនិត្យលទ្ធភាព ផ្តល់ការ គ្រាំទ្រផ្នែកហិរញ្ញវត្ថុ និងបុគ្គលិក ដើម្បីឲ្យមណ្ឌលសំចតសង្គមកិច្ច អាចដំណើរការបានល្អប្រសើរ។
ទី៥៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ទីស្តីការគណៈរដ្ឋមន្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈ ត្រូវរៀបចំពន្លឿនការកែសម្រួល អនុក្រឹត្យ ស្តីពីរបប គោលនយោបាយ ចំពោះជនរងគ្រោះស្នាក់នៅក្នុងមណ្ឌលរដ្ឋ ឲ្យស្របតាមការវិវត្ត នៃសង្គម សេដ្ឋកិច្ច។
ទី៦៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សិក្សាជំរុញសមាគមមនុស្សចាស់នៅទូទាំងប្រទេស ឲ្យដំណើរការ និងមាននិរន្តភាព។
ទី៧៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវពង្រឹង និងពង្រីកសមត្ថភាព មណ្ឌល ក្នុងការអប់រំ ថែទាំ បន្សាប ព្យាបាល បណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទាជនរង គ្រោះ ដោយសារសារធាតុញៀន និងតាមដានករណីក្រោយសមាហរណកម្មតាមសហគមន៍។
ទី៨៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង មុខងារសាធារណៈ ត្រូវសិក្សាលទ្ធភាពបង្កើតមណ្ឌលបណ្តោះអាសន្នថ្នាក់តំបន់ ឬខេត្ត អាទិភាព បន្ថែម ដើម្បីដោះស្រាយការកើនឡើងនៃចំនួនជនរងគ្រោះដោយសារធាតុញៀន និងអប់រំ ថែទាំ ព្យាបាល ស្តារនីតិសម្បទា ឲ្យក្លាយជាពលរដ្ឋល្អ។
ទី៩៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញឲ្យវិស័យឯកជន អង្គការ សង្គមស៊ីវិលទទួលយកជនមានពិការភាពចូលបម្រើការងារ តាមអត្រាកំណត់ រៀបចំពិន័យ អន្តរកាល ក្នុងករណីដែលក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការសង្គមស៊ីវិលមិនបានបំពេញ កាតព្វកិច្ច ដូចមានចែងក្នុងច្បាប់ ព្រមជាមួយគ្នានេះ ត្រូវធ្វើវិសោធនកម្មច្បាប់ ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ឲ្យស្របទៅនឹងស្ថានភាពជាក់ស្ដែង នៃសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន។
ទី១០៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តគោល នយោបាយ ថែទាំជំនួសចំពោះកុមារ ការថែទាំកុមារតាមគ្រួសារ កំណើត គ្រួសារសាច់ញាតិ និងគ្រួសារធម៌ សំដៅទប់ស្កាត់ ការបំបែកកុមារចេញពីគ្រួសារដោយ មិនចាំបាច់ បង្កើនការគ្រប់គ្រង គុណភាពនៃ ការថែទាំកុមារនៅតាមមណ្ឌលរដ្ឋ និងមណ្ឌល នៃអង្គការមិនមែនរដ្ឋាភិបាល។ ជំរុញ រៀបចំ និង អនុម័តច្បាប់ ស្ដីពីកិច្ចការពារកុមារ និងធ្វើវិសោធនកម្មអនុក្រឹត្យ ស្ដីពីរបបឧបត្ថម្ភជនរង គ្រោះស្នាក់ នៅក្នុងមណ្ឌលរដ្ឋឲ្យបានសមរម្យ និងគាំទ្រការថែទាំកុមារ ដោយសាច់ញាតិ និងគ្រួសារ ធម៌ ឲ្យ ស្របតាមស្ថានភាពវិវត្តនៃសេដ្ឋកិច្ចជាតិ ។
ទី១១៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយ ក្រសួង អប់រំ យុវជន និងកីឡា ពង្រឹងប្រព័ន្ធសុវត្ថិភាព ដើម្បីសុខុមាលភាពនិងសិទ្ធិរបស់កុមារ ជាពិសេស កុមារ ដែលបានបាត់បង់ឪពុកម្ដាយ ឬអាណាព្យាបាលដែលបានធ្វើទេសន្តរប្រវេសន៍រយៈពេលយូរ ដោយ ជំរុញឲ្យទទួលបានការអប់រំ និងអនុវត្តយ៉ាងម៉ត់ចត់នូវអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិកុមារ សំដៅធានា សិទ្ធិមូលដ្ឋានទាំងបួនរបស់កុមារ និងយកចិត្តទុកដាក់ថែទាំអប់រំកុមារឲ្យក្លាយជា «កូនល្អ សិស្សល្អ និងមិត្តល្អ» ដែលជាអនាគតពលរដ្ឋល្អ សម្រាប់សង្គមជាតិ។
ទី១២៖ ក្រសួងសុខាភិបាល ត្រូវបន្តយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាព និងគុណភាពសេវា សុខា ភិបាលដោយមិនបង់ថ្លៃ ឬការបង់ថ្លៃជាបន្ទុករបស់រដ្ឋ នៅតាមមន្ទីពេទ្យរដ្ឋទូទាំងប្រទេស ជូនប្រជា ជនក្រីក្រ និងងាយរងគ្រោះ ដូចជា៖ ជនមានពិការភាព ក្មេងកំព្រា និងជនចាស់ជរា គ្មានទីពឹង និងក្រុមប្រជាពលរដ្ឋជាគោលដៅផ្សេងៗទៀត តាមរយៈកម្មវិធីមូលនិធិសមធម៌ កម្ម- វិធីសុខា ភិបាល និងសេវាពិនិត្យ ថែទាំផ្ទៃពោះមុននិងក្រោយសម្រាល ការសម្រាលកូនមានសុវត្ថិ- ភាព និងការចាក់វ៉ាក់សាំងបង្ការជំងឺ ការតាមដានការលូតលាស់កុមារ និងអាហាររូបត្ថម្ភដល់ស្ត្រី មាន ផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ។
ទី១៣៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយសហការជាមួយក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបន្តពង្រឹងប្រព័ន្ធសន្តិសុខសង្គម ឲ្យកាន់តែរឹងមាំ និងលើក កម្ពស់ សេវាបើកផ្តល់តាវកាលិក និងរបបគោលនយោបាយ និងបន្តពង្រឹងយន្តការប្រព័ន្ធបច្ចេក វិទ្យា សម្រាប់ប្រព័ន្ធសោធន និងអត្ថប្រយោជន៍ផ្សេងៗនៃការបើកផ្ដល់របបសន្តិសុខសង្គមសម្រាប់ អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន ព្រមទាំងគ្រួសារ និងអ្នកនៅក្នុងបន្ទុកឲ្យបានទាន់ពេលវេលា និងបន្តអនុវត្តគោលនយោបាយរដ្ឋបង់ភាគទានជំនួសមន្ត្រីសាធារណៈ ចំពោះរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន និងបង់ជំនួសអតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ព្រមទាំងអ្នកនៅក្នុងបន្ទុកចំពោះរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ។
ទី១៤៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តពង្រឹងការងារអភិបាល កិច្ចតាម រយៈ (១). ការបណ្តុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីគ្រប់លំដាប់ថ្នាក់ បង្កើនចំនួន និង ទទួលស្គាល់ កម្លាំងសេវាសង្គម ព្រមជាមួយនឹងការរៀបចំផែនការពង្រាយកម្លាំងសេវាសង្គមទាំង នេះ ទាំងនៅ កម្រិតថ្នាក់ជាតិនិងកម្រិតថ្នាក់ក្រោមជាតិ និង (២). ត្រូវសិក្សាស្រាវជ្រាវ និងកសាងគោល នយោបាយ ស្តីពីសង្គមកិច្ច ដើម្បីបានជាឯកសារមូលដ្ឋានក្នុងការតម្រង់ទិសការអនុវត្ត ការងារជា ផែនទីបង្ហាញ ផ្លូវឆ្ពោះទៅរកភាពល្អប្រសើរឡើង នៃសុខុមាលភាព និងកម្រិតជីវភាពរស់ នៅរបស់ ប្រជាពលរដ្ឋ និងជំរុញបង្កើតគណៈវិជ្ជាជីវៈសង្គមកិច្ចដើម្បីធានាគុណភាព ការផ្តល់អាជ្ញា-បណ្ណ ការទទួលស្គាល់កម្លាំងសេវាសង្គម និងការការពារហានិភ័យវិជ្ជាជីវៈដែលអាចកើតឡើង ចំពោះអ្នក ផ្តល់សេវាសង្គម និងអតិថិជន។
ទី១៥៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវជំរុញការរៀបចំបញ្ចប់ «សេចក្តីព្រាងផែនការយុទ្ធ- សាស្ត្រ បរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម» និង «សេចក្តីព្រាងអនុក្រឹត្យស្តីពីការធ្វើសុខដុម នីយកម្ម ប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម» ដើម្បីកំណត់បាននូវផែនការដ៏រឹងមាំ ក៏ដូចជា ឧបករណ៍គតិយុត្តពេញលេញ ក្នុងការឈានទៅអនុវត្តការងារបរិវត្តកម្មឌីជីថល និងការ ធ្វើសុខដុម នីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ដោយរលូន និងមាន ប្រសិទ្ធភាពខ្ពស់៕