តុលាការថៃ ប្រកាសសាលក្រមព្យួរទោស២ឆ្នាំនៃការជាប់ពន្ធនាគារ លើអតីតបេក្ខជននាយករដ្ឋមន្រ្តី លោក Pita Limjaroenrat


(បាងកក)៖ នៅថ្ងៃចន្ទនេះ តុលាការនៅប្រទេសថៃ បានសម្រេចប្រកាសសាលក្រមព្យួរទោសរយៈ ពេល២ឆ្នាំ នៃការជាប់ពន្ធនាគារ សម្រាប់អតីតបេក្ខជននាយករដ្ឋមន្រ្តី លោក Pita Limjaroenrat និងបុគ្គល៧នាក់ផ្សេងទៀត ជុំវិញការពាក់ព័ន្ធរបស់ពួកគេ ក្នុងសកម្មភាពធ្វើបាតុកម្មកាលពីឆ្នាំ ២០១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៤។

កាលពី៥ឆ្នាំមុន ចលនាបាតុកម្មទ្រង់ទ្រាយធំបានរីករាលដាល ពាសពេញរាជធានីបាងកក ដែល ដឹកនាំដោយអតីតគណបក្ស Future Forward ក្រោមគោលដៅទាមទារឱ្យ មានកំណែទម្រង់ ហើយអំពាវនាវឱ្យលោក ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែងនាយករដ្ឋមន្រ្តី នាពេលនោះ។ សម្រាប់សំណុំរឿងខាងលើ គឺពាក់ព័ន្ធទៅនឹងការធ្វើបាតុកម្មមួយ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំនោះ នៅក្នុងទីក្រុងបាងកក ពោលគឺនៅប៉ុន្មានខែ មុនពេលតុលាការរំលាយគណបក្ស Future Forward ដែលមានលោក Pita ជាសមាជិក។ ក្រៅពីលោក Pita អ្នកដែលរងការផ្តន្ទាទោសដទៃទៀត គឺរួម មានទាំងអតីតមេដឹកនាំគណបក្ស FFP លោក Thanathorn Juangroongruangkit ផងដែរ ដែល បច្ចុប្បន្នជាប់បម្រាមមិនអាចធ្វើ​នយោបាយ បាននោះឡើយ។

បើតាមមេធាវីរបស់ពួកគេ តុលាការថៃបានសម្រេចថា បាតុកម្មថ្ងៃទី១៤ ខែធ្នូនោះ ត្រូវបានរៀប ចំឡើងដោយគ្មានការអនុញ្ញាត បាំងទីធ្លាសាធារណៈ និងស្ថិតនៅចម្ងាយ​ត្រឹម ១៥០ម៉ែត្រប៉ុណ្ណោះ ពីព្រះរាជវាំង Pathumwan។ មេធាវីដដែលបានបន្តថា ដំបូងឡើយ អ្នកទាំង៨ ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ៤ខែ ប៉ុន្តែក្រោយមកត្រូវបានបន្ធូរបន្ថយ មកត្រឹមជាការព្យួរទោសរយៈពេល២ឆ្នាំ នៃការជាប់ពន្ធនាគារវិញ រួមនិងប្រាក់ពិន័យ២០,២០០បាត (២៨០ដុល្លារ)៕