(ព្រុចស៊ែល)៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយនៅថ្ងៃអង្គារ (២៣ មករា) នេះថា បានអញ្ជើញសមភាគីស៊ុយអែត មកបំពេញទស្សនកិច្ចក្នុងប្រទេសរបស់លោក ដើម្បីចរចាគ្នា អំពីដំណើរការចូលជាសមាជិក NATO របស់ស៊ុយអែត ដែលជាដំណើរការដែលត្រូវបានរារាំង ដោយប្រទេសហុងគ្រី និងតួកគី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
ជាការឆ្លើយតបទៅនឹងសំណួរអំពីការអញ្ជើញនេះ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បាននិយាយនៅក្នុងសារមួយទៅកាន់ Reuters ថា ទីក្រុង Stockholm មិនទាន់ សម្រេចចិត្តថា តើត្រូវឆ្លើយតបបែបណានោះទេ។
លោក Orban បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដូច្នេះថា «ថ្ងៃនេះខ្ញុំបានផ្ញើ លិខិតអញ្ជើញទៅកាន់នាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson មកបំពេញទស្សនកិច្ចនៅ ប្រទេសហុងគ្រី ដើម្បីចរចារគ្នាអំពីដំណើរការចូលជាសមាជិករបស់ស៊ុយអែ ទៅក្នុងអង្គការណាតូ»។ ប៉ុន្តែមិនមានកាលបរិច្ឆេទជាក់លាក់ណាមួយ ត្រូវបានណែនាំសម្រាប់ដំណើរទស្សនកិច្ចនេះទេ។ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjártó បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារនេះថា គោលដៅនៃដំណើរទស្សនកិច្ចនេះគឺដើម្បី «កសាងទំនុកចិត្ត» ។ លោកបានបន្ថែមថា «កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ តម្រូវឱ្យមានការជឿទុកចិត្ត ដោយគ្មានលក្ខខណ្ឌ»៕