ខេត្តកោះកុង៖យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលរស់នៅមូលដ្ឋានភូមិព្រាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បានមកកាន់អង្គភាពសារព័ត៌មាន នីណាញូស៍ យើងថា មានករណីគ្រឿងចក្រជាច្រើនគ្រឿង បានកំពុងធ្វើសកម្មភាពចាក់ដីរំលោភបំពានដីព្រៃលិចទឹក ដែលជាសម្បត្តិធនធានធម្មជាតិសាធារណៈរបស់រដ្ឋយ៉ាងរំភើយ ហាក់មិនញញើតនឹងច្បាប់បន្តិចសោះឡើយ។
ប្រភពបានឲ្យដឹងថា ម្ចាស់ទីតាំងដីដែលកំពុងតែធ្វើសម្មភាព ចាក់ដីរំលោភយកដីព្រៃលិចទឹកនោះ មានឈ្មោះ ជីប សារិទ្ធ ដែលមានតួនាទីជាអនុប្រធានការិយាល័យអប់រំស្រុកគីរីសាគរ នឹងជាបុគ្គលមានលុយ មានអំណាចនៅក្នុងតំបន់នោះ។
នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ក្រុមការងារអង្កភាពសារព័ត៌មាន ជាច្រើនអង្គភាព បានចុះទៅដល់ទីតាំងចាក់ដីរំលោភបំពានដីព្រៃលិចទឹកនោះ ដើម្បីផ្តិតយករូបភាព នឹងយកព័ត៌មាននៅទីតាំងផ្ទាល់ ក៏បានឃើញសកម្មភាពក្រុមគ្រឿងចក្រនោះ ធ្វើសកម្មភាពយ៉ាងគគ្រឹក គគ្រឹកគគ្រេងពិតមែន ភ្លាមនោះក៏លិចវត្តមានរបស់លោក ជីប សារិទ្ធ ដែលមានតួនាទីជាអនុប្រធានអនុប្រធានការិយាល័យអប់រំស្រុកគីរីសាគរ ជាម្ចាស់ទីតាំងដីនោះ ចេញមកច្រង៉េងច្រង៉ាង ទាញទូរសព្ទមកថតរូបក្រុមអ្នកសារព័ត៌មាន ហើយចោទអ្នកសារព័ត៌មានជាចោរទៀតផង។ អ្នកសារព័ត៌មានយើងបានព្យាយាមសាកសួរ លោកជីប សារិទ្ធ អនុប្រធានការិយាល័យអប់រំស្រុកគីរីសាគរ ដែលជាម្ចាស់ទីតាំងដីនោះ ជុំវិញនឹងច្បាប់ទម្លាប់នៃការធ្វើសម្មភាពនោះ លោកមិនឆ្លើយជាមួយអ្នកសារព័ត៌មាននោះទេ ដោយដេញឲ្យអ្នកសារព័ត៌មានយើង ឲ្យទៅសួរខាងស្រុក។
អង្កភាពសារព័ត៌មាន នីណាញូស៍ នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នោះ ក៏បានធ្វើទំនាក់ទំនងទៅលោក ចេង មុនីរិទ្ធ អភិបាលស្រុកគីរីសាគរ ដើម្បីសុំការបំភ្លឺលោកបានឆ្លើយថា ទីតាំងដីនោះ ក្រុមកាងារស្រុកបានចុះទៅពិនិត្យមើលហើយ ប៉ុន្តែច្បាប់អនុញ្ញាតចេញ ឬក៏មិនទាន់ចេញ ចាំលោកសួររដ្ឋបាលសិន។
ជុំវិញនឹងករណីនេះដែរ ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋាននោះ សុំសំណូមពរដល់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង មេត្តាចាត់មន្ត្រីជំនាញចុះមកពិនិត្យទីតាំងនោះផង ដើម្បីការពាកុំឲ្យដីព្រៃលិចទឹក ដែលសម្បត្តិសាធារណៈរបស់រដ្ឋយើង រលាយហិនហោច ដោយសារបុគ្គល ឆ្លៀតឱកាសមួយចំនួនតូចនោះ។
រាយការណ៍ពី កែវ វង