(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ បានផ្ញើសាររំលែកទុក្ខជូនលោក គីស៊ីដា ហ្វូមីអុ នាយករដ្ឋមន្ត្រីជប៉ុន ចំពោះការបាត់បង់ជីវិតប្រជាជនជប៉ុន ព្រមទាំងការខូចខាតហេដ្ឋារចនាសម្ពន្ធ ទ្រព្យសម្បត្តិជាច្រើនរបស់ប្រជាជន និងរដ្ឋាភិបាលប្រទេសជប៉ុន ដែលបណ្តាលមកពីការរញ្ជួយដីកាលពីថ្ងៃឆ្លងឆ្នាំថ្មីកន្លងទៅ។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្តាហ៍នេះ ប្រទេសជប៉ុនបានរងការវាយប្រហារពីគ្រោះរញ្ជួយដីខ្លាំងៗបន្តបន្ទាប់គ្នា ក្នុងនោះមានដល់កម្រិត៧.៦រ៉ិចទ័រ។ គ្រោះរញ្ជួយដីនេះបានបណ្ដាលឱ្យមនុស្សស្លាប់កើនឡើងដល់៧៨នាក់ គិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ និងមានមនុស្សច្រើនជាង៥០នាក់ត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួននៅឡើយ ខណៈក្រុមសង្រ្គោះជប៉ុនបន្តព្យាយាមស្វែងរកពួកគេ។
អាជ្ញាធរជប៉ុនបាននិយាយថា ហេតុការណ៍រញ្ជួយដីដ៏ខ្លាំងក្លាអមដោយរំញ័រកម្រិតផ្សេងៗទៀតនោះ បានបណ្តាលឱ្យមនុស្សចំនួន៣៣០នាក់រងរបួស ខណៈប្រជាពលរដ្ឋប្រហែល២៩,០០០គ្រួសារនៅខេត្តអ៉ីស៊ីកាវ៉ា (Ishikawa) ដែលជាខេត្តមួយជាប់ឆ្នេរសមុទ្រជប៉ុន (Sea of Japan) ឬសមុទ្រខាងកើត គឺគ្មានអគ្គិសនីប្រើប្រាស់នៅឡើយ ហើយផ្ទះសម្បែងជាង១១០,០០០ខ្នងនៅទូទាំងខេត្តនេះ និងនៅតំបន់ជិតខាងចំនួន២ទៀតកំពុងខ្វះខាតទឹកសម្រាប់ប្រើប្រាស់ផងដែរ៕