(ម៉ានីល)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ បានអោយដឹងថា យោធាហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃ ពុធនេះថា ហ្វីលីពីន និងសហរដ្ឋអាមេរិកបានចាប់ផ្តើមការល្បាតរួមគ្នា រយៈពេលពីរថ្ងៃនៅក្នុង សមុទ្រចិនខាងត្បូង ដែលជាទង្វើមួយទំនងជាធ្វើឱ្យចិនខឹងសម្បារ។
ទំនាក់ទំនងផ្នែកសន្តិសុខរវាងប្រទេសសន្ធិសញ្ញាទាំងពីរត្រូវបានពង្រឹងបន្ថែមកាលពីឆ្នាំមុន ចំពេល មានភាពតានតឹងកើនឡើងនៅក្នុងសមុទ្រចិនខាងត្បូង ជាកន្លែងដែលហ្វីលីពីន និងចិនមានការប៉ះ ទង្គិចគ្នាជាបន្តបន្ទាប់ ហើយបានស្តីបន្ទោសគ្នាទៅវិញទៅមក។
មេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីន លោក Romeo Brawner បាននិយាយថា សកម្មភាពយោធារួមគ្នាលើកទីពីរក្នុងសប្តាហ៍នេះតំណាងឱ្យ «ការរីកចម្រើនដ៏ធំមួយ» នៅក្នុងសម្ព័ន្ធ ភាពរបស់ទីក្រុងម៉ានីលជាមួយសហរដ្ឋអាមេរិក និងអន្តរប្រតិបត្តិការជាមួយយោធាសហរដ្ឋ អាមេរិក។
លោក Brawner បាននិយាយដូច្នេះថា «សម្ព័ន្ធភាពរបស់យើងកាន់តែរឹងមាំជាងពេលណាៗទាំង អស់ ហើយវាកំពុងផ្ញើសារទៅកាន់ពិភពលោក។ នៅពេលប្រឈមមុខនឹងបញ្ហាក្នុងតំបន់ យើងកំពុង ជំរុញឱ្យមានសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងដើម្បីតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ» ។
គួរបញ្ជាក់ថា ការល្បាតរួមគ្នានេះទំនងធ្វើឱ្យចិនខឹងសម្បារកាន់តែខ្លាំង ចំពេលមានភាពតានតឹង កើនឡើងនៅភាគខាងត្បូងប្រទេសចិន។ ទីក្រុងប៉េកាំងបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹង មិនបិទភ្នែកចំពោះ «ការបង្កហេតុ និងការយាយី» ម្តងហើយម្តងទៀតរបស់ហ្វីលីពីននោះទេ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនក៏បានចោទប្រកាន់ក្រុងម៉ានីលថា ពឹងផ្អែកលើការគាំទ្ររបស់សហរដ្ឋអាមេរិកដើម្បីបន្តប្រឆាំងនឹងចិន៕