(តូក្យូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP បញ្ជាក់ថា អាជ្ញាធរជប៉ុន បានបន្តរាយ ការណ៍ឱ្យដឹងនៅល្ងាចថ្ងៃពុធ ទី៣ ខែមករា នេះថា តួលេខអ្នកស្លាប់បានបន្តកើនដល់ ៧៣នាក់ ហើយ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារចំតំបន់ភាគកណ្តាលប្រទេសជប៉ុន កាលពី ថ្ងៃចូលឆ្នាំសកលកន្លងទៅនេះ។
ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តប្រតិបត្តិការរបស់ពួកគេ នៅក្នុងខេត្ត Ishikawa ជាទីដែលទទួល រងគ្រោះខ្លាំងក្លាជាងគេ ជាមួយមនុស្សស្លាប់កើនដល់ ៧៣ នាក់ និងមនុស្សរាប់ម៉ឺននាក់នៅតែបន្ត គ្មានអគ្គិសនីប្រើប្រាស់នៅឡើយ។
អាជ្ញាធរក៏កំពុងនាំយកជំនួយទៅឲ្យអ្នកនៅរស់រានមានជីវិតផងដែរ ដែលប្រឈមមុខនឹងអាកាស ធាតុដ៏ត្រជាក់ ព្រមជាមួយការព្យាករអំពីភ្លៀងធ្លាក់ខ្លាំង។
អាជ្ញាធរបានគូសបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងអាចកើតមាននៅក្នុងតំបន់រងគ្រោះនៅថ្ងៃពុធនេះ ដោយ បង្កើនការភ័យខ្លាចពីបំណាក់ដី ដែលអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែង ជួយសង្រ្គោះមនុស្សជា ច្រើនកំពុងជាប់ក្រោមគំនរបែកបាក់។ ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធខូចខាត ហើយមានទីតាំងនៅដាច់ ស្រយាលនៃតំបន់រងគ្រោះខ្លាំងបំផុត ធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានភាពស្មុគស្មាញ។ រីឯទំហំនៃការខូចខាតពេញលេញ និងតួលេខនៃអ្នកស្លាប់នៅតែមិនច្បាស់លាស់ ២ថ្ងៃមកហើយ បន្ទាប់ពីការរញ្ជួយដី។
សូមបញ្ជាក់ថា គ្រោះរញ្ជួយដីខ្លាំងៗបន្តបន្ទាប់គ្នា ក្នុងនោះរួមមានទាំងកម្រិត៧.៦រ៉ិចទ័រ បានវាយ ប្រហារជប៉ុន កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ គិតចាប់តាំងពីពេលនោះ ជប៉ុនបានកត់ត្រាការកើត មានរំញ័រ សរុបយ៉ាងហោច១៥៥លើក។ អាជ្ញាធរជប៉ុន ក៏បានប្រកាសអាសន្នពីរលកស៊ូណាមិផងដែរ ប៉ុន្តែនៅព្រឹកថ្ងៃអង្គារនេះ បានសម្រេចដកការប្រកាសអាសន្ននោះចេញវិញ៕