(តេហេរ៉ង់)៖ យោងតាមាការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ អោយដឹងថា យ៉ាងហោចណាស់មនុស្ស ១០៣ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេស អ៊ីរ៉ង់កាលពីថ្ងៃពុធ (៣ មករា) នៅពេលដែលគ្រាប់បែកពីរគ្រាប់បានផ្ទុះឡើងជាបន្តបន្ទាប់នៅក្នុង ហ្វូងមនុស្ស ដែលកំពុងប្រារព្ធពិធីរំលឹកខួបវិញ្ញាណក្ខន្ធរបស់លោកឧត្តមសេនីយ៍ Qasem Soleimani នៅឯស្រុកកំណើតរបស់លោក។
ការបំផ្ទុះគ្រាប់បែកដែលទូរទស្សន៍រដ្ឋបានពិពណ៌នាថាជា «ការវាយប្រហារភេរវកម្ម» បានកើតឡើង នៅពេលដែលភាពតានតឹងបានកើនឡើងនៅមជ្ឈិមបូព៌ា មួយថ្ងៃបន្ទាប់ពីមេបញ្ជាការទី២ របស់ហាម៉ាស លោក Saleh al-Arouri ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក នៅក្នុងទីក្រុងបេរូតប្រទេសលីបង់។
អាជ្ញាធរបានគូសបញ្ជាក់ថា ការបំផ្ទុះនេះបានកើតឡើងនៅស្រុកកំណើតរបស់ លោកឧត្តមសេនីយ៍ Soleimani នៅភាគខាងត្បូងនៃប្រទេសអីរ៉ង់ ខណៈដែលអ្នកគាំទ្ររបស់លោកបានប្រមូលផ្តុំគ្នាដើម្បី រំលឹកខួបលើកទី ៤ នៃការស្លាប់របស់គាត់ នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់អាមេរិក នៅខាងក្រៅអាកាសយានដ្ឋានបាកដាដ នៃប្រទេសអ៊ីរ៉ាក់។
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបាននិយាយថា មនុស្សយ៉ាងហោចណាស់ ១៧០ នាក់ក៏បានរងរបួសក្នុងការបំផ្ទុះគ្រាប់បែកនេះដែរ។
ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍ឱ្យដឹងថា «កាបូបពីរដែលផ្ទុកគ្រាប់បែក បានផ្ទុះ» នៅកន្លែងកើតហេតុ ដោយបានបន្ថែមថា «ជនល្មើសនៃឧបទ្ទវហេតុនេះទំនង ជាបំផ្ទុះ គ្រាប់បែកដោយការបញ្ជាពីចម្ងាយ»។
អភិបាលក្រុង Kerman លោក Saeed Tabrizi ដោយនិយាយថា ការផ្ទុះទាំងពីរបានផ្ទុះដាច់ពី គ្នារយៈពេល ១០នាទី។ ខ្សែវីដេអូតាមអ៊ីនធឺណិតបានបង្ហាញពីហ្វូងមនុស្សដែលកំពុងរត់គេចខ្លួន ខណៈដែលបុគ្គលិកសន្តិសុខបានព័ទ្ធជុំវិញតំបន់នោះ៕