អ៉ីស្រាអែល តាមសម្លាប់មេដឹកនាំរងម្នាក់របស់ក្រុមហាម៉ាស ដល់ទឹកដីលីបង់

(បេរូត)៖  តាមក្រុមហាម៉ាស និងមន្ត្រីសន្តិសុខលីបង់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារ ព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ គឺ សង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងនឹង ក្រុម ហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា បានរាលដាលទៅដល់ប្រទេសលីបង់នៅថ្ងៃអង្គារសប្ដាហ៍នេះ ជាទីដែលការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលបានសម្លាប់មេដឹកនាំរងម្នាក់របស់ក្រុមហាម៉ាស។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសលីបង់ បានរាយការណ៍ថាមានការវាយប្រហារដោយយន្ដហោះដ្រូន​លើការិយាល័យមួយរបស់ក្រុមហាម៉ាស ស្ថិតនៅ ជាយទីក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត ដែល ជាមូលដ្ឋានដ៏រឹងមាំមួយរបស់ក្រុម Hezbollah គាំទ្រដោយអ៉ីរ៉ង់។ តាមប្រព័ន្ធផ្សព្វផ្សាយលីបង់ ការវាយប្រហារនេះ បានសម្លាប់មនុស្សសរុប ៧នាក់។ ចំណែក ទូរទស្សន៍របស់ហាម៉ាសវិញ ក៏បាន ទទួលស្គាល់ដែរថាមេដឹកនាំរងម្នាក់របស់ខ្លួន គឺលោក Saleh al-Aruri បានស្ថិតនៅក្នុងចំណោមអ្នក ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលនៅលីបង់៕