ភ្នំពេញ ៖ កម្ពុជា កំពុងប្រឹងប្រែងក្នុងការរៀបចំបង្កើតច្បាប់មួយ ដើម្បីអាចឱ្យអន្តរជាតិដកឈ្មោះកម្ពុជា ចេញពីបញ្ជីប្រផេះ។ ស្ថិតក្នុងបញ្ជីប្រផេះរបស់អន្តរជាតិ ដោយសារតែកម្ពុជា មិនទាន់មានច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ រួមនិង ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម។
ច្បាប់ស្តីពីការ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ដែលកម្ពុជារៀបចំឡើងនេះ កំពុងស្ថិតក្នុងសេចក្តីព្រាងនៅឡើយ ហើយនៅព្រឹកថ្ងៃទី២៨ ខែមេសា នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំរបស់ផ្នែកពាក់ព័ន្ធដែលជាអ្នកតាក់តែងសេចក្តីព្រាងច្បាប់នេះ ដើម្បី ធ្វើឱ្យច្បាប់មានលក្ខណៈសមស្របតាមការចង់បានរបស់ស្ថាប័នអន្តរជាតិ ដែលនាំដល់ការលុបឈ្មោះ កម្ពុជាចេញពីបញ្ជីប្រផេះរបស់ខ្លួន ដោយកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិសោធនកម្មនូវមាត្រាមួយ ចំនួននៃសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ក្នុងគោលដៅចង់ឱ្យ កម្ពុជាត្រូវបានលុបចេញពីបញ្ជីប្រផេះរបស់អន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ធនាគារ ជាតិនៃកម្ពុជា នៅក្នុងកិច្ចប្រជុំ កាលពីព្រឹកមិញនេះ ។
មន្ត្រីដដែលនេះ បានគូសបញ្ជាក់ថា កម្ពុជានៅខ្វះមូលដ្ឋានគតិយុត្តមួយចំនួនចំពោះស្តង់ដាថ្មី និងមិនទាន់មានយន្តការស្តីពីការប្រឆាំងការហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យនៅឡើយ បើទោះបីជាកម្ពុជាត្រូវបានគេមើលឃើញជាអន្តរជាតិ ថា ជាប្រទេសដែលមិនមានហានិភ័យខ្ពស់ក្នុងការធ្វើហិរញ្ញប្បទានដល់ការផលិតអាវុធមហាប្រល័យក៏បែបណាក្តី ប៉ុន្តែកម្ពុជាត្រូវតែមានច្បាប់មួយនេះជាចាំបាច់ ដើម្បីអាចរួចខ្លួនពីបញ្ជីប្រផេះរបស់ស្ថាប័ន អន្តរជាតិទើបយើងបានរៀបចំធ្វើសេចក្តីព្រាងច្បាប់នេះឡើងវិញ ដោយមានការចូលរួមជួយធ្វើសេចក្តីព្រាងពីក្រុមអ្នកជំនាញការច្បាប់របស់អង្គការរូបិយវត្ថុអន្តរជាតិ (IMF) ជាមួយក្រុមការងារអន្តរក្រសួង ដែលក្នុង នោះមានដូចជា ក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា តំណាងក្រសួងយុត្តិធម៌ក្នុងនាម ជាប្រធានក្រុមការងារបច្ចេកទេសដើម្បីរៀបចំសេចក្តីព្រាងច្បាប់នេះជាដើម។
លើកឡើងក្នុងកិច្ចប្រជុំនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជាត្រូវតែមានច្បាប់ឱ្យស្របតាមតម្រូវការរបស់អន្តរជាតិ។
បើយើងជាប់ឈ្មោះនៅក្នុងបញ្ជីប្រផេះនេះ នឹងនាំឱ្យគេសន្មត់ថាកម្ពុជា ជាប្រទេសមានហានិភ័យ ខ្ពស់ជាការធ្វើឱ្យអ្នកវិនិយោគមានការរារែកមិនចង់មកវិនិយោគនៅកម្ពុជា ដែលការដាក់ប្រទេសកម្ពុជាចូល ទៅក្នុងបញ្ជីប្រផេះនេះគឺមានការប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ គឺធ្ងន់ធ្ងរជាង EBA ទៅទៀត៕