(ស្វីស)៖ ក្នុងឱកាសកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់ មីនប្រឆាំងមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបពិភាក្សា ការងារជាមួយ ឯកអគ្គរដ្ឋទូត Stefano Toscano នាយកមជ្ឈមណ្ឌលអន្តរជាតិប្រចាំទីក្រុងហ្សឺណែវ សម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD)។
នាឱកាសនោះដែរ ឯកអគ្គរដ្ឋទូត Stefano Toscano បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ជាពិសេសការគាំទ្រក្នុង ការរៀបចំផែនការសកម្មភាព ជាពិសេសពាក់ព័ន្ធនឹងការរៀបចំ Monitoring Framework ដែលជា ចំណុចសំខាន់ និងបញ្ហាប្រឈមនាពេលកន្លងមក។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានលើកឡើងអំពីទិដ្ឋភាពរួម នៃការអនុវត្តគោលការណ៍របស់អនុ សញ្ញាអូតាវ៉ា ទាំងរដ្ឋភាគី និងរដ្ឋមិនមែនភាគី និងបញ្ហាហិរញ្ញវត្ថុ ដែលកើតឡើងដោយសារបញ្ហា កូវីដ និងវិបត្តិសង្គ្រាមនាពេលថ្មីៗនេះ។ បញ្ហាហិរញ្ញវត្ថុនេះ មិនមែនសម្តៅត្រឹមតែបញ្ហាកង្វះខាត ថវិកាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្តៅដល់បញ្ហាការបែងចែកថវិកាទៅកាន់តំបន់ដែលទាក់ទាញ និងចាំបាច់ ខ្លាំង ដូចជាអ៊ុយក្រែនជាដើម។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ GICHD សម្រាប់ជំនួយដល់ នៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការកសាងសមត្ថភាព ប្រព័ន្ធគ្រប់គ្រងព័ត៌មាន (Information Management System) និងការគ្រប់គ្រងការគម្រាមកំហែងដែលនៅសេសសល់ (Management of Residual Threat) ដែលក្រុមការងារបច្ចេកទេសរវាងភាគីទាំង២ កំពុងពិភាក្សាលើយុទ្ធសាស្រ្ត និងការរៀបចំទស្សនកិច្ចសិក្សា។
ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើង វិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា កម្ពុជាមានភារកិច្ចសំខាន់ៗមួយចំនួន ហើយក៏បានកំណត់នូវ អាទិភាពចំនួន៣ គឺសកលភាវូបនីយកម្ម ការបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ ដោយសារមីន។ កម្ពុជាសង្កត់ធ្ងន់លើអាទិភាពសកលភាវូបនីយកម្ម ដែលកម្ពុជាមានគម្រោងអនុវត្ត តាមរយៈការប្រើប្រាស់យន្តការសភា ក្រសួងការបរទេស និងតាមរយៈកម្រិតបច្ចេកទេសសកម្ម ភាពមីន។
ជាមួយគ្នានេះ GICHD បានបញ្ជាក់ពីគោលជំហរក្នុងការបន្តគាំទ្រ Sponsorship ដល់ប្រទេសជា រដ្ឋភាគី និងមិនមែនរដ្ឋភាគី ក្នុងការចូលរួមកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា របស់គណៈប្រតិភូប្រទេសដែល មានការខ្វះខាត៕