(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អោយដឹងថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន មានផែនការ ប្រកាសពីការផ្ដល់កញ្ចប់ជំនួយយោធាទំហំទឹកប្រាក់ ៤២៥លានដុល្លារ សម្រាប់អ៊ុយក្រែន នៅថ្ងៃ សុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្នុងនោះរួមមានទាំងរ៉ុក្កែតប្រឆាំងយន្ដហោះដ្រូន និងគ្រាប់ មីស៊ីល។
កញ្ចប់ជំនួយយោធាខាងលើត្រូវបានរំពឹងថានឹងមិនមានមីស៊ីលរយៈចម្ងាយ ATACMS បន្ថែមនោះ ទេ។ Reuters ដោយផ្អែកលើឯកសារមួយដែលខ្លួន បានឃើញ និងប្រភពពីមន្ត្រីអាមេរិកម្នាក់ក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា កញ្ចប់ជំនួយយោធាខាងលើនឹងមានរួមបញ្ចូល មីស៊ីល បំពាក់ឡាស៊ែរប្រាប់ទិសមានទំហំទឹកប្រាក់៣០០លានដុល្លារ ដើម្បីបាញ់យន្ដហោះដ្រូន។ មូលនិធិសម្រាប់មីស៊ីលទាំងនេះនឹងត្រូវដកចេញពីកម្មវិធី Ukraine Security Assistance Initiative (USAI) ដែលអនុញ្ញាតឱ្យរដ្ឋបាលលោក បៃដិន ទិញអាវុធពីក្រុមហ៊ុនអាវុធអាមេរិក ជាជាងដកអាវុធ ចេញពីឃ្លាំងស្តុក។
ចំណែក កញ្ចប់ជំនួយយោធានៅសល់ ១២៥លានដុល្លារ នឹងត្រូវចំណាយលើការផ្ដល់មីស៊ីលបន្ថែម សម្រាប់ប្រព័ន្ធមីស៊ីល NASAM HIMARS គ្រាប់កាំភ្លើងធំ ១០៥ និង១៥៥មីលីម៉ែត្រ ព្រមទាំង អាវុធប្រឆាំងរថក្រោះជាដើម។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋ អាមេរិកបានផ្ដល់ជំនួយយោធាទំហំ ៤៤ពាន់លានដុល្លារ ហើយទៅឱ្យអ៊ុយក្រែន៕