(ភ្នំពេញ)៖ ឯកឧត្តម កើត ឆែ អភិបាលស្តីទីនៃគណៈអភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោកស្រី វូ គួយអ៊ីង (Ms. Wu Guiying) សមាជិក គណៈកម្មាធិការ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តហ៊ូណាន និងជាលេខាបក្សនៃគណៈកម្មា ធិការបក្សក្រុងឆាងសា ប្រទេសចិន ចូលជួបសម្តែងការគួរសម នៅសាលារាជធានីភ្នំពេញ។
ក្នុងជំនួបសំដែងការគួរសមនោះឯកឧត្តម កើត ឆែ បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានី ភ្នំពេញ ពីភាពរីកចម្រើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលោកបញ្ជាក់ថា ការរីកចម្រើនរបស់រាជធានីភ្នំពេញ គឺផ្ដើមចេញពីកម្ពុជាមានសន្តិភាពពេញលេញ ហើយការរីក ចម្រើនរបស់រាជធានីភ្នំពេញ គឺពិតជាមិនអាចខ្វះបានពីការចូលរួមឧបត្ថម្ភគាំទ្រពីប្រទេសចិន។ ចិនបានជួយវ៉ាក់សាំងកូវីដ១៩ មកកម្ពុជា ក៏ដូចការវិនិយោគជាច្រើនរបស់ចិននៅកម្ពុជា គិតមក ដល់ពេលនេះការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា នៅតែឈរលំដាប់លេខ១ ការវិនិយោគរបស់ ចិនយ៉ាងច្រើននេះ គឺបានមកពីទំនាក់ទំនងយ៉ាងជិតស្និត រវាងប្រទេសចិន និងកម្ពុជា ដែលជាទំនាក់ ទំនងត្បូងពេជ្រ។
ឯកឧត្តម កើត ឆែ ក៏បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះប្រទេសចិន ដែល បានជួយឧបត្ថម្ភវ៉ាក់សាំងកូវីដ-១៩មកឱ្យកម្ពុជា លោកបានលើកជាពាក្យស្លោករបស់ខ្មែរមួយឃ្លាថា «គេអាចរកឃើញមិត្តល្អបាន នៅពេលដែលយើងជួបគ្រោះអាសន្ន» ប្រទេសចិន គឺជាមិត្តល្អរបស់ កម្ពុជា។
ឯកឧត្តម កើត ឆែ បានបន្តទៀតថា ទីក្រុងឆាងសា គឺជាទីក្រុងប្រវត្តិសាស្ត្រ ជាទីក្រុងដែលមានអាយុ កាលរាប់ពាន់ឆ្នាំ ហើយក៏ជាទីក្រុងដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំងក្លាផងដែរ។ សម្រាប់រាជធានីភ្នំពេញ និងបន្តកិច្ចសហប្រតិបត្តិការជាមួយទីក្រុងឆាងសា ឲ្យកាន់តែល្អបន្ថែមទៀត ពិសេសគឺការជំរុញការវិនិយោគ ទេសចរណ៍ ពាណិជ្ជកម្ម ការនាំចេញ នាំចូលទំនិញរវាងទីក្រុងទាំង ពីរ ពិសេសជំរុញឲ្យមានការហោះហើរត្រង់ រវាងទីក្រុងភ្នំពេញ និងទីក្រុងឆាងសា។
លោកស្រី វូ គួយអ៊ីង ក៏បានលើកឡើងពីស្ថានភាពទូទៅរបស់ទីក្រុងឆាងសា និងបានបញ្ជាក់ថា ទីក្រុងឆាងសាក្រៅពីជាទីក្រុងបុរាណ មានធនធានធម្មជាតិ មានទាំងភ្នំ ទន្លេ ទេសភាព គួរឲ្យគយ គន់ ទីក្រុងមួយនេះក៏ជាទីក្រុងដែលមានចង្វាក់ផលិតកម្មខ្លាំងក្លាផងដែរ ដោយមានទាំងការផលិត គ្រឿងអេឡិចត្រូនិក ការផលិតរថយន្ត ហើយឆាងសា ក៏បានវិនិយោគច្រើននៅកម្ពុជាផងដែរ ។
លោកស្រីនឹងជំរុញឲ្យអ្នកមាននិយោគរបស់ចិន ពិសេសអ្នកវិនិយោគនៅទីក្រុងឆាងសា បន្តមក វិនិយោគរកស៊ីនៅរាជធានីភ្នំពេញ ឲ្យកាន់តែច្រើនថែមទៀត ហើយវិស័យទេសចរណ៍ ក៏ជាវិស័យ មួយដែលមានសារៈសំខាន់ ដោយលោកស្រី នឹងជំរុញឲ្យវិស័យទេសចរណ៍ពីឆាងសា មកកម្ពុជា កាន់តែច្រើនថែមទៀត។ ដើម្បីរឹតចំណងសាមគ្គីភាពឱ្យកាន់តែខ្លាំងក្លា រវាងរាជធានីភ្នំពេញ និង ទីក្រុងឆាងសានោះ ទីក្រុងឆាងសា នឹងនាំផលិតផលដូចជារថយន្ត គ្រឿងបន្លាស់រថយន្ត មករាជ ធានីភ្នំពេញ ព្រមទាំងការវិនិយោគច្រើនទៀត ព្រមទាំងជម្រុញឱ្យមានការហោះហើរត្រង់មក កម្ពុជាផងដែរ៕