អ៉ីស្រាអែល អះអាងថាទាហានរបស់ខ្លួន ឡោមព័ទ្ធទីក្រុងហ្កាហ្សាទាំងស្រុង

 (ហ្កាហ្សា)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺបានអោយដឹងថា យោធាអ៉ីស្រាអែល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអះអាងថា កងកម្លាំងរបស់ខ្លួន បានឡោមព័ទ្ធទីក្រុងហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស ទាំងស្រុងហើយ ខណៈកំពុងបង្កើនការវាយលុកប្រឆាំងក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីនមួយនេះ។

ការកត់សម្គាល់ខាងលើធ្វើឡើង ដោយអ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Daniel Hagari ដែលបានប្រាប់អ្នកសារព័ត៌មានថាកងកម្លាំងអ៉ីស្រាអែលបាន ឡោមព័ទ្ធទីក្រុងហ្កាហ្សាទាំងស្រុង ប៉ុន្មានថ្ងៃក្រោយពង្រីកប្រតិបត្តិការវាយលុកតាមជើងគោកប្រឆាំងនឹងក្រុមហាម៉ាស ជាការសងសឹក ទៅនឹងការវាយប្រហារ លើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ជនជាតិអ៉ីស្រាអែល ១៤០០នាក់។ «ទាហានអ៉ីស្រាអែលបានឡោមព័ទ្ធទីក្រុងហ្កាហ្សាទាំងស្រុងដែល ជាបេះដូងរបស់ អង្គការភេរវករហាម៉ាស…គោលគំនិតនៃបទឈប់បាញ់មិនមាននៅលើតុចរចានោះទេក្នុងពេលបច្ចុប្បន្ន»។ នេះជាការលើកឡើងរបស់លោក Daniel Hagari។

ប៉ុន្តែ នៅបន្ទាប់ពីការអះអាងនេះ កងពលតូចអាល់កសឹម (Al-Qassam) របស់ក្រុមហាម៉ាសក៏បាន ព្រមានដែរថាទាហានឈ្លានពានអ៉ីស្រាអែលនឹងត្រូវត្រឡប់ ទៅផ្ទះវិញ ដោយត្រូវច្រកនៅក្នុងថង់ ដាក់សព៕