(ភ្នំពេញ)៖ លោកស្រី ជូសាណា វាម៉ា (Jyotsana Varma) នាយកប្រចាំប្រទេសនៃធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងពីការប្តេជ្ញាចិត្ត ចូលរួមសហការជាមួយក្រសួងបរិស្ថាន ជាពិសេសគាំទ្រដល់គំនិតផ្តួចផ្តើមនៃអាទិភាព គឺភាពស្អាត ភាពបៃតង និងចីរភាព។
លោកស្រីនាយកប្រចាំប្រទេស ADB បានលើកឡើងបែបនេះ នៅពេលទទួលបានការអនុញ្ញាតជួប សំដែងការគួសម និងពិភាក្សាការងារជាមួយ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។
លោកស្រី ជូសាណា វាម៉ា (Jyotsana Varma) បានលើកឡើងថាអាទិភាពចម្បងៗរបស់ក្រសួង បរិស្ថាន បានទាញការចាប់អារម្មណ៍ ដូចជាចម្រៀងដែលកំពុងតែលឺក្នុងត្រចៀកយ៉ាងពិរោះរន្តំ។ ADB នឹងបន្តកិច្ចសហការ និងគាំទ្រដល់សកម្មភាពរបស់ក្រសួងបរិស្ថាន ស្របតាមទស្សនវិស័យ ស្អាត បៃតង និងចីរភាព។
ក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលតែងតែមានការគាំទ្រមកដល់ប្រទេសកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កន្លងមក ហើយឆ្លើយតបនឹងការងារអាទិភាពរបស់ក្រសួងដែលបានដាក់ចេញ យុទ្ធសាស្រ្តចក្រាវិស័យ បរិស្ថានឆ្នាំ២០២៣-២០២៨ ដែលបានបង្កើតឡើង ដោយអនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងដោយផ្អែកលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្ត ជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ដើម្បីតម្រង់ទិស និងចង្អុល បង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅ នៃយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០» ៕